(កាតា)៖ កម្ពុជា និងកាតា បានចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេសផ្តល់អត្ថប្រយោជន៍ ដល់សហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក តាមរយៈកិច្ចព្រមព្រៀងនេះ។

កិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ រវាងកម្ពុជា និងរដ្ឋកាតា បានធ្វើឡើងកាលពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ក្នុងរាជធានីដូហា រដ្ឋកាតា។
ភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិរបស់អគ្គនាយកដ្ឋានពន្ធដារ ចំណែកឯគណៈប្រតិភូនៃរដ្ឋកាតា ដឹកនាំដោយលោក Abdulla Ahmed Al-Sulaiti ប្រធានផ្នែកសន្ធិសញ្ញាពន្ធនិងការចរចា នៃនាយកដ្ឋានសន្ធិសញ្ញាពន្ធនិង កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គអាជ្ញាធរពន្ធជាររបស់រដ្ឋកាតា។

លោក Abdulla Ahmed Al-Sulaiti ក្នុងនាមជាម្ចាស់ផ្ទះ បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ ដែលបានមកចូលរួមកិច្ចប្រជុំចរចា តបតាមការអញ្ជើញរបស់អត្ថអាជ្ញាធរពន្ធដារ នៃ រដ្ឋកាតា ក៏ដូចជាបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពន្ធដារទ្វេភាគីរវាងកម្ពុជា និងកាតា។

លោកបានបន្ថែមទៀតថា លោកមានបំណងចង់ឱ្យការចរចានេះ អាចបញ្ចប់ទៅឱ្យបានឆាប់ តាមតែអាចធ្វើបានផងដែរ។

លោកបណ្ឌិត សេង ជាសិទ្ធ បានសម្តែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកាតា និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ភាគីកាតា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង DTA ជុំទី១ ជាលក្ខណៈរូបវន្ត នាពេលនេះ។

ទន្ទឹមនឹងនេះ លោកក៏បានឯកភាពជាមួយភាគីកាតា ដើម្បីព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA ឱ្យបានឆាប់ផងដែរ និងបានលើកឡើងអំពីសារបានដែលនាំឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាលើកិច្ច ព្រមព្រៀង DTA ជុំទី១ ព្រមទាំងបានគូសរំលេចផងដែរអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេសអត្ថប្រយោជន៍ដែលសហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក រវាងកម្ពុជា និងកាតា អាចទទួលបានពីកិច្ចព្រមព្រៀងនេះ។

ភាគីទាំងពីរនឹងបន្តការចរចា ដើម្បីឈានទៅបញ្ចប់ និងចុះហត្ថលេខានាពេលខាងមុខ៕