(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរ ក្នុងតំបន់ និងសកលលោក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះលទ្ធផលនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរ ក្នុងតំបន់ និងសកលលោក»។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ជើងហោះហើរដែលកំពុងតភ្ជាប់នោះ ក្នុងនោះ មានមកពី៨ប្រទេស ក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានឲ្យដឹងផងដែរថា រយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកធ្វើដំណើរ តាមផ្លូវអាកាសជាង៤លាន ៥សែននាក់ ពោលគឺមានការកើនឡើង២២% ធៀបនឹងអំឡុង ពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣លាន ៧សែននាក់។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងទៀតថា ជាបន្ថែមលើសពីនេះ ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំ ឱ្យមានការហោះហើរត្រង់ ផ្សារភ្ជាប់ពីរាជធានី និងរដ្ឋធានី នៃបណ្តា ប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានី បានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។

លោកបណ្ឌិត បានលើកឡើងថា ការបើកដំណើរការជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ នឹងចូលរួមចំណែកសម្រួល ការធ្វើដំណើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ តាមរយៈការផ្តល់នូវជម្រើស កាន់តែប្រសើរឡើងថែមទៀត ជូនអ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរៈជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បន្ថែមលើសពីនេះទៀត លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការសម្ពោធជើងហោះហើរត្រង់នេះ នឹងក្លាយជានិមិត្តរូប នៃភាពជោគជ័យផ្លែផ្កា ដល់ចំណងមិត្តភាព កាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ផងដែរ៕