(រីយ៉ាដ)៖ ប្រាក់ចំណូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតពីការនាំចេញប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ឆ្នាំ ដោយសារការធ្លាក់ចុះកំណើនតម្រូវការប៉ះពាល់តម្លៃប្រេងឆៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ស្ថិតិចេញផ្សាយដោយទីភ្នាក់ងារស្ថិតិរបស់រដ្ឋរបស់អារ៉ាប៊ីសាអ៉ូឌីតថា ប្រាក់ចំណូលពីការលក់ប្រេងឆៅនិងផលិតផលចម្រាញ់បានធ្លាក់ចុះដល់ ១៧,៤ពាន់លានដុល្លារក្នុងខែសីហា ពោលគឺធ្លាក់ចុះ ៦% ធៀបនឹងខែកក្កដា។ ទឹកប្រាក់នេះមានកម្រិតទាបបំផុតនៃប្រាក់ចំណូលប្រចាំខែគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។

សេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅតែពឹងផ្អែកយ៉ាងធំធេងលើប្រាក់ចំណូលពីប្រេងឆៅសម្រាប់កំណើនសេដ្ឋកិច្ច បើទោះជានៅពេលនេះប្រទេសនេះបានចាប់ផ្ដើមផែនការប្រកបដោយមហិច្ឆតាមួយដើម្បីពង្រីកបច្ចេកវិទ្យា ទេសចរណ៍ និងឧស្សាហកម្មផលិតកម្មរបស់ខ្លួនក៏ដោយ។ ការវិនិយោគទឹកប្រាក់ដ៏ច្រើនត្រូវការជាចាំបាច់ដើម្បីសម្រេចផែនការរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចពឹងផ្អែកលើប្រាក់ចំណូលពីប្រេង ដើម្បីផ្តល់មូលនិធិដល់គំនិតផ្តួចផ្តើមនានាក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ចំណូលពីអ៊ីដ្រូកាបូន។

កិច្ចខិតខំប្រឹងប្រែងនេះមានភាពស្មុគស្មាញដោយសារការធ្លាក់ចុះតម្លៃប្រេង និងការថយចុះផលិតកម្ម។ ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះថ្លៃប្រហែល ១% នៅឆ្នាំនេះ ហើយកំពុងជួញដូរនៅក្នុងតម្លៃប្រហែល ៧៥ក្នុងមួយបារ៉ែល។ កំណើនប្រើប្រាស់ប្រេងមានភាពយឺតយ៉ាវ ជាពិសេសនៅក្នុងប្រទេសចិន ដែលជាទីផ្សារនាំចូលដ៏សំខាន់បំផុតមួយ ខណៈពេលដែលការផ្គត់ផ្គង់ថ្មីពីប្រទេសនានាដូចជាសហរដ្ឋអាមេរិក ដែលឥឡូវនេះជាប្រទេសផលិតប្រេងធំមួយរបស់ពិភពលោក កំពុងមានការកើនឡើងលើសពីតម្រូវការនិងកំពុងធ្វើឱ្យតម្លៃធ្លាក់ចុះ។