​(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា សហការជាមួយផ្សារមូលបត្រកម្ពុជា (CSX) បានរៀបចំ «ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ​My First STOCK​ ឆ្នាំ ២០២៤» ​លើកទី៧​ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមុខងារទូទាត់សាច់ប្រាក់ តាមពហុភ្ជាប់ភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ​ ដើម្បីបង្ហាញពីឱកាសវិនិយោគ និងលើកទឹកចិត្តវិនិយោគិនថ្មី ឈានជើងចូលទីផ្សារ​​មូលបត្រកម្ពុជា។

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ​លើកទី៧នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ក្រុមហ៊ុនជាតិ អន្តរជាតិ, វិនិយោគិនស្ថាប័ន, ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៤ ​មានរយៈពេល៣ ថ្ងៃនេះ គឺថ្ងៃទី ២៥ ដល់ ២៧ ខែតុលា ឆ្នាំ ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងជំរុញការសិក្សាស្វែងយល់ របស់សាធារណជន អំពីកាលានុវត្តភាពវិនិយោគ ក្នុងទីផ្សារមូលបត្រកម្ពុជា ដែលជាផ្នែកមួយក្នុងការបង្កើនសមត្ថភាព និង ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងវិនិយោគ ។

​លោក ហុង សុហួរ បានថ្លែងថា ការវិនិយោគទៅលើភាគហ៊ុន គឺជាជម្រើសមួយដ៏ល្អប្រសើរ សម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ច្រើន និងអាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈទីផ្សារមូលបត្រនេះ។​

លោកលើកទឹកចិត្តដល់សាធារណជន គួរតែចាប់ផ្តើមវិនិយោគឱ្យបានលឿន និង អនុវត្តឱ្យបានខ្ជាប់ខ្ជួនដោយការយកសាច់ប្រាក់ ដែលសល់ពីការចំណាយចាំបាច់ មកវិនិយោគដើម្បីសម្រេចបាន នូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន នាពេលអនាគត។ បានស្នើឱ្យសាធារណជនចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីឱ្យសេដ្ឋកិច្ចជាតិរឹងមាំ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។ ដូច្នេះ យើងគួរគប្បីរៀន និងចាប់ផ្តើមធ្វើការវិនិយោគ ចាប់ពីថ្ងៃនេះតទៅ ក៏ប៉ុន្តែត្រូវប្រើប្រាស់ប្រាក់សន្សំ យកមកវិនិយោគ ចៀសវាងប្រើប្រាស់កញ្ចប់ថវិកាប្រើប្រាស់ប្រចាំថ្ងៃ យកមកវិនិយោគ ។

លោកបានគូសបញ្ជាក់ថា «វិស័យមូលបត្រ គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលមានសក្តានុពលខ្ពស់ នៅក្នុងការជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការផ្តល់នូវប្រភពទុនរយៈពេលវែង សម្រាប់សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ អាស្រ័យហេតុនេះ​ ដើម្បីធានាបាននូវការអភិវឌ្ឍវិស័យមូលបត្រ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព, និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយនានា សំដៅធ្វើឱ្យវិស័យមូលបត្រនៅកម្ពុជា អាចរីកចម្រើនបានឆាប់រហ័ស ប្រកបដោយនិរន្តរភាព បរិយាបន្ន និងនវានវុត្តន៍»។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេច​ថា ផ្សារមូលបត្រកម្ពុជា តែងផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្ម និង ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យមូលបត្រ។ ជាក់ស្តែង, ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ មុខងារពហុភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (Multi-CSAs) នឹងផ្តល់ជាអត្ថប្រយោជន៍ និងជាជម្រើសដល់វិនិយោគិន ក្នុងការដកដាក់សាច់ប្រាក់បានកាន់តែងាយស្រួល។ តាមរយៈមុខងារថ្មីនេះ ធនាគារជាច្រើន ដែលនៅក្រៅវិស័យមូលបត្រ នឹងចាប់អារម្មណ៍ធ្វើជា ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដែលប្រការនេះនឹងអាចជួយបង្កើនចំនួនវិនិយោគិនក្នុងទីផ្សារមូលបត្រផងដែរ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខងារនេះជាសក្ខីភាពមួយទៀតដែលបានបង្ហាញពីភាពរីកចម្រើនរបស់វិស័យមូលបត្រនៅកម្ពុជា បន្ទាប់ពីការបើកគណនី និងជួញដូរតាមអនឡាញ ស្របតាមបរិវត្តកម្មឌីជីថល ។

បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា បើទោះជាបច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនចុះបញ្ជី និង ការជួញដូរមិនទាន់សកម្មខ្លាំងក្លាក៏ដោយ, ការអភិវឌ្ឍរបស់ទីផ្សារនេះ កំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ តាមរយៈការបង្កើតផលិតផល និង សេវាកម្មថ្មីៗ ជាបន្តបន្ទាប់ ព្រមទាំងការផ្សព្វផ្សាយ និង ការបណ្តុះបណ្តាល ដែលបាននិងកំពុងអនុវត្តដល់វិនិយោគិនសាធារណៈ។

បណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ ក្នុងការទាក់ទាញក្រុមហ៊ុនបោះផ្សាយ និង វិនិយោគិន, ការបង្កើតផលិតផលវិនិយោគផ្សេងៗ និង ការរៀបចំយន្តការនានាដើម្បីសម្រួលដល់ដំណើការជួញដូរ, ផ្សារមូលបត្រកម្ពុជា នឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លា និង ប្រកបដោយនិរន្តរភាព៕