(ប៊ែកឡាំង)៖ សមាជិកក្រុមប្រឹក្សាភិបាល ទទួលបន្ទុកផ្នែកលក់ទូទាំងពិភពលោក របស់ក្រុមហ៊ុន Adidas លោក Arthur Hoeld នឹងលាលែងចេញពីតំណែង ពីក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់នេះ នៅដំណាច់ខែតុលានេះ។ នេះបើយោងតាមក្រុមហ៊ុនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Adidas និងលោក Hoeld បានព្រមព្រៀងគ្នាទាំងសងខាង ក្នុងការបញ្ចប់ការតែងតាំងតំណែងដំបូងរបស់លោក បន្ទាប់ពីលោក Hoeld បានលើកឡើងថា លោកនឹងមិនបន្តអាណត្តិរបស់លោក ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នោះទេ។

លោក Mathieu Sidokpohou ដែលបច្ចុប្បន្នជានាយកគ្រប់គ្រងប្រចាំទ្វីបអឺរ៉ុបនោះ នឹងស្នងតំណែងលោក Hoeld ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។

«Mathieu ពិតជាមានបទពិសោធន៍ និងអាកប្បកិរិយា​ ដែលយើងត្រូវការនៅចំណុចនៃការផ្លាស់ប្តូររបស់យើង ដើម្បីបន្តសន្ទុះ និងពង្រីកអាជីវកម្មរបស់យើងបន្ថែមទៀត ជាមួយនឹងដៃគូរបស់យើង», នេះបើតាមសម្តីនាយកប្រតិបត្តិក្រុមហ៊ុន Adidas លោក Bjorn Gulden បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕