(តូក្យូ)៖ ទិន្នន័យបានបង្ហាញនៅសប្តាហ៍នេះថា ការនាំចេញរបស់ប្រទេសជប៉ុន បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១០ខែក្នុងខែកញ្ញា ដែលជាក្តីបារម្ភសម្រាប់អ្នកបង្កើតគោលនយោបាយ ខណៈការអូសបន្លាយពេលនៃការធ្លាក់ចុះតម្រូវការសកល អាចធ្វើឱ្យពិបាកដល់ផែនការចាកចេញពីវិធានការធូររលុងខ្លាំង របស់ធនាគារកណ្តាលជប៉ុន។ នេះបើយោងតាមទីភ្នាកងារព័ត៌មានរ៉យទ័រ។

ការថមថយតម្រូវការក្នុងប្រទេសចិន និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានដាក់បន្ទុកលើការ នាំចេញរបស់ជប៉ុន ខណៈភាពប្រសើរឡើងវិញនាពេលថ្មីៗនេះនៃប្រាក់យ៉េន ដែលមួយផ្នែកដោយសារការដំឡើងអត្រាការប្រាក់ មិនរំពឹងទុករបស់ធនាគារកណ្តាលជប៉ុន កាលពីចុងខែកក្កដា បានជួយជំរុញឱ្យតម្លៃទំនិញនាំចេញធ្លាក់ចុះបន្ថែមទៀត។

លោក Kazuma Kishikawa សេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវ Daiwa បានប្រាប់ទីភ្នាកងារព័ត៌មានរ៉យទ័រថា៖ «វាអាចទៅរួចដែលថាការនាំចេញនឹងបន្តជួបបញ្ហា ក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារភាពមិនច្បាស់លាស់ ជាពិសេសនៅក្នុងសេដ្ឋកិច្ចចិន»។ លោកបានបន្ថែមថា តម្រូវការក្នុងស្រុករបស់ប្រទេសចិន ហាក់ដូចជាខ្សោយជាងការរំពឹងទុក ខណៈដែលកញ្ចប់វិធានការជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិន បង្ហាញផលជះយឺត។

ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ការនាំចេញសរុបនៅក្នុងខែកញ្ញាបានធ្លាក់ចុះ ១,៧ភាគរយធៀបនឹងឆ្នាំរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលខុសការព្យាករជាមធ្យមរបស់ទីផ្សារ ដែលថាមានកំណើន ០,៥ភាគរយ និងបន្ទាប់ពីមានកំណើន ៥,៥ភាគរយនៅក្នុងខែសីហា។

ទិន្នន័យបានបង្ហាញថា ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុត របស់ប្រទេសជប៉ុនបានធ្លាក់ចុះ ៧,៣ភាគរយនៅក្នុងខែកញ្ញាធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២,៤ភាគរយ។ តម្រូវការរថយន្តទាបបាននាំឱ្យការនាំចេញធ្លាក់ចុះ សម្រាប់ប្រទេសទាំងពីរ។ នេះបើយោងតាមទីភ្នាកងារព័ត៌មានរ៉យទ័រ៕