(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កំពុងពឹងផ្អែកលើការកាត់បន្ថយឧបត្ថម្ភធន លើកប្រេងឥន្ធនៈ និងបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ដើម្បីជួយកាត់បន្ថយឱនភាពសារពើពន្ធ ទោះបីជាគាត់បានបង្ហាញផែនការចំណាយប្រចាំឆ្នាំច្រើនបំផុត កាលពីថ្ងៃសុក្រក៏ដោយ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដី របស់លោក Anwar ខណៈធ្វើបទបង្ហាញអំពីថវិកាជាតិ របស់គាត់ទៅកាន់សភាថា រដ្ឋាភិបាលនឹងបញ្ចប់ជំនួយសម្រាប់ប្រេងសាំង ដែលប្រើប្រាស់យ៉ាងទូលំទូលាយប្រភេទ RON95 ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ទៅ។ វិធានការនេះ គឺជាផ្នែកមួយនៃផែនការរបស់ម៉ាឡេស៊ី ក្នុងការកាត់បន្ថយឧបត្ថម្ភធន និងជំនួយសង្គមរយៈពេលពីរឆ្នាំ ជាប់គ្នាចំនួន ១៤,៤ % មកនៅត្រឹម ៥២,៦ពាន់លានរីងហ្គីត (១២,២ពាន់លានដុល្លារ)។

លោកនាយករដ្ឋមន្ត្រីបានប្រាប់សមាជិកសភាថា៖ «វាមិនអាចបដិសេធបានទេថា ជនបរទេស និង ១៥% នៃអ្នកប្រើប្រាស់ធំៗ ទទួលបានប្រាក់ឧបត្ថម្ភ ៤០% នៃឧបត្ថម្ភធនលើប្រេងសាំងប្រភេទ RON95 ដែលមានតម្លៃ ៨ពាន់លានរីងហ្គីត»។ លោកបានបន្ថែមថា ទឹកប្រាក់នេះអាចត្រូវបានយកទៅ «ប្រើប្រាស់បានកាន់តែប្រសើរសម្រាប់ការកែលម្អសាលារៀន សម្រាប់ការអប់រំ ទីតាំងថែទាំសុខភាព និងមធ្យោបាយធ្វើដំណើរសាធារណៈ»

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ វិធានការនេះអាចឱ្យលោក អានវ៉ា កាត់បន្ថយឱនភាពថវិកាមកនៅត្រឹម ៣,៨% នៃផលិតផលក្នុងស្រុកសរុបពី ៤,៣% នៅឆ្នាំនេះ។ ការកសាងសុខភាពសារពើពន្ធឡើងវិញ គឺជាគន្លឹះសម្រាប់ម៉ាឡេស៊ីក្នុងការរក្សាពិន្ទុឥណទានខ្ពស់បំផុត របស់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងស្ទុះងើបខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយរក្សាជំនឿទុកចិត្តរបស់វិនិយោគិន នៅពេលដែលលោក អានវ៉ា ព្យាយាមប្រែក្លាយម៉ាឡេស៊ីទៅជាមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិតសកល។

កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ី អាចកើនឡើងក្នុងរង្វង់ពី ៤,៥% ទៅ ៥,៥% នៅឆ្នាំក្រោយ ខណៈដែលនៅឆ្នាំនេះ ត្រូវបានព្យាករថានឹងកើនឡើងចន្លោះពី ៤,៨% ទៅ ៥,៣% ដោយសារភាពប្រសើរឡើង ពាណិជ្ជកម្មសកល និងការប្រើប្រាស់ក្នុងស្រុករឹងមាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕