(ភ្នំពេញ)៖ ផលិតផលកម្ពុជាចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ដែលបានកែច្នៃ និងវេចខ្ចប់ស្របតាមគុណភាពខ្ពស់ និងប្រើប្រាស់ភាសាខ្មែរ នៅលើសំបកវេចខ្ចប់ នឹងនាំចូលទៅទីផ្សារអឺរ៉ុប នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
ការនាំចូលផលិតផលកម្ពុជាចំនួន ៣មុខ ដែលវេចខ្ចប់ដាក់ម៉ាក់សញ្ញាកម្ពុជា ទៅទីផ្សារអឺរ៉ុប ធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. របស់អ្នកឧកញ៉ា ហ៊ុន ឡាក់ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Smarteden កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្នុងដំណាក់កាលដំបូង ផលិតផល២ ប្រភេទ គឺដំណាប់ស្វាយ និងស្វាយចន្ទី ដែលមានបរិមាណ ១កុងតឺន័រ (៤០ហ្វីត) នឹងចាប់ផ្តើមនាំចេញ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ខណៈអង្ករដែលមានបរិមាណ ២០កុងតឺន័រនឹងចាប់ផ្តើមនាំចេញនៅដើមខែវិច្ឆិកា។
អ្នកឧកញ៉ាបន្តថា មូលហេតុដែលឈានដល់ក្រុមហ៊ុនបារាំង បញ្ជាទិញផលិតផលទាំងនេះជាផ្លូវការ ដោយសារតែកន្លងមកក្រុមហ៊ុននេះ បាននាំយកផលិតផលទាំងនេះ បង្ហាញទៅដល់ម្ចាស់ផ្សារ និងអតិថិជនភ្លក្សសាកល្បង និងទទួលបានការពេញចិត្ត។
ផលិតផលកម្ពុជាចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត ដែលនាំចូលទៅទីផ្សារបារាំងនេះ ត្រូវបានវេចខ្ចប់ជាភាសាខ្មែរ និងភាសាបារាំង ដើម្បីជួយលើកកម្ពស់នូវអត្តសញ្ញាជាតិខ្មែរ ឱ្យប្រជាជនបារាំងបានស្គាល់ ដែលជាមោទនភាពមួយរបស់កម្ពុជា ខណៈដែលការនាំចេញកន្លងមក គឺមិនដែលមានការប្រើប្រាស់ភាសាខ្មែរនោះទេ៕