(ក្រុងឡុងដ៍)៖ ក្រុមហ៊ុន S&P Global Ratings បានព្រមាននៅក្នុងរបាយការណ៍មួយ នៅសប្តាហ៍នេះថា ប្រទេសជាប់បំណុលទំនងជា នឹងបរាជ័យសងបំណុលរូបិយប័ណ្ណបរទេស របស់ពួកគេកាន់តែញឹកញាប់ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខធៀបនឹងពេលកន្លងមក ដោយសារបំណុលកាន់តែខ្ពស់ និងការកើនឡើងការចំណាយលើការខ្ចីប្រាក់។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ របាយការណ៍ដដែលរបស់ទីភ្នាក់ងារវាយតម្លៃចំណាត់បំណុល លំដាប់ពិភពលោកមួយនេះ បានឱ្យដឹងទៀតថា ការផ្តល់ចំណាត់ថ្នាក់ឥណទាន របស់រដ្ឋាភិបាលជារួមក៏បានធ្លាក់ចុះ នៅទូទាំងសកលលោកផងដែរ នៅក្នុងរយៈពេលទសវត្សរ៍កន្លងមកនេះ។

ការរកឃើញរបស់របាយការណ៍នេះ គឺជាការព្រមានយ៉ាងមុតមាំមួយ ខណៈពេលដែលពិភពលោកចាកចេញពីជុំនៃការបរាជ័យសងបំណុលរដ្ឋាភិបាលមួយ ស្របពេលដែលប្រទេសម្ចាស់បំណុល ដែលជាប្រទេសអ្នកមានបាននិយាយកាលពីដើមឆ្នាំនេះថា ហានិភ័យនៃវិបត្តិបំណុល ដែលបានដាក់បន្ទុកលើពិភពលោក កំពុងចាប់ផ្តើមថមថយមកវិញ។

របាយការណ៍ដដែលនេះបានឱ្យដឹងថា៖ «កត្តាទាំងនេះបង្កើតឱ្យមានបញ្ហាប្រឈមសាច់ប្រាក់យ៉ាងរហ័សនៅពេលដែលលទ្ធភាពទទួលបានហិរញ្ញប្បទានកាន់តែរីងហួត ហើយការហូរចេញមូលធនកើនឡើង»។ របាយការណ៍នេះបានបន្តថា៖ «ក្នុងករណីជាច្រើន ការណ៍នេះបង្កើតបានជាចំណុចដ៏សំខាន់ជាទីដែលឧបសគ្គសាច់ប្រាក់ងាយស្រួលនិងសមត្ថភាពសងបំណុលក្លាយជាបញ្ហាសម្រាប់រដ្ឋាភិបាល»

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ បានធ្វើឱ្យហិរញ្ញវត្ថុរបស់រដ្ឋមានភាពតានតឹង ហើយមានប្រទេសចំនួន៧ ដែលបរាជ័យសងបំណុលរូបិយប័ណ្ណបរទេសរបស់ខ្លួនដូចជាប្រទេសបេលី សំប៊ី អេក្វាទ័រ អាហ្សង់ទីន លីបង់ និងសូរីណាមដែលបរាជ័យសងបំណុលពីរដង។

ការកើនឡើងតម្លៃអាហារ និងឥន្ធនៈបន្ទាប់ពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី លើប្រទេសអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ២០២២ បានដាក់សម្ពាធកាន់តែខ្លាំង ហើយប្រទេសចំនួន៨ទៀតបានបរាជ័យសងបំណុល នៅឆ្នាំ២០២២ និង ២០២៣ រួមទាំងអ៊ុយក្រែននិងរុស្ស៊ីផងដែរ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចំនួនសរុបនៃការបរាជ័យសងបំណុល គិតចាប់តាំងពីឆ្នាំ២០២០មក មានចំនួនច្រើនជាងមួយភាគបី នៃការបរាជ័យសងបំណុលរូបិយប័ណ្ណបរទេសចំនួន៤៥ គិតចាប់តាំងពីឆ្នាំ២០០០មក។

ទីភ្នាក់ងារ S&P Global Ratings បានវិភាគការបរាជ័យសងបំណុល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ និងបានរកឃើញថា ប្រទេសកំពុងអភិវឌ្ឍន៍ឥឡូវនេះ កំពុងពឹងផ្អែកកាន់តែខ្លាំងលើការខ្ចីប្រាក់ ដើម្បីធានាលំហូរចូលមូលធនបរទេស។ ប៉ុន្តែនៅពេលដែលការពឹងផ្អែកនោះ ត្រូវបានផ្គូផ្គងជាមួយនឹងគោលនយោបាយ ដែលមិនអាចទាយទុកជាមុនបាន កង្វះឯករាជ្យភាពរបស់ធនាគារកណ្តាល និងទីផ្សារមូលធនក្នុងស្រុកតូច បង្កឱ្យកើតមានបញ្ហាក្នុងការបង់សងត្រលប់វិញជាញឹកញាប់។

បំណុលរបស់រដ្ឋាភិបាលកាន់តែខ្ពស់ និងអតុល្យភាពសារពើពន្ធបានជំរុញឱ្យមានការលំហូរចេញមូលធន ដែលជាហេតុធ្វើឱ្យសម្ពាធជញ្ជីងទូទាត់កាន់តែខ្លាំង ធ្វើឱ្យប្រាក់បម្រុងរូបិយប័ណ្ណបរទេសធ្លាក់ចុះ ហើយនៅទីបំផុតបានកាត់ផ្តាច់លទ្ធភាពក្នុងការខ្ចីប្រាក់ ជាពិសេសកើតមានបញ្ហាដែលឈាន ទៅរកការបរាជ័យក្នុងការសងបំណុល។

ទីភ្នាក់ងារ S&P Global Ratings ក៏បានព្រមានផងដែរថា ការរៀបចំបំណុលឡើងវិញនាពេលបច្ចុប្បន្ន កំពុងចំណាយពេលយូរជាងកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលជាផលវិបាកដ៏ធំ។

ទីភ្នាក់ងារនេះបានបន្ថែមថា៖ «យើងក៏បានរកឃើញផងដែរថា ផលវិបាកផ្នែកម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង គឺកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេស ដែលនៅតែស្ថិតក្នុងការបរាជ័យសងបំណុល រយៈពេលច្រើនឆ្នាំ ដែលបង្កើនភាពអាចកើតមាននៃការបរាជ័យសងបំណុលបន្ថែមទៀត»

ការបង់សងការប្រាក់នៅក្នុងប្រទេស ដែលស្ថិតមានជ្រោះបរាជ័យសងបំណុល មាននិន្នាការខិតជិតដល់ ឬលើសពី ២០ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋាភិបាលប្រទេសនោះ ក្នុងឆ្នាំមុនពេលមានការបរាជ័យសងបំណុល ហើយបណ្តាប្រទេសនានា ក៏ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ ខណៈដែលអតិផរណាបានកើនឡើង ដល់ពីរខ្ទង់ដែលធ្វើឱ្យជីវិតប្រជាជនរបស់ប្រទេសទាំងនោះ កាន់តែលំបាក។

របាយការណ៍នេះបានបន្តថា៖ «ការបរាជ័យសងបំណុលរដ្ឋាភិបាល មានផលប៉ះពាល់យ៉ាងខ្លាំង ចំពោះកំណើនសេដ្ឋកិច្ច អតិផរណា អត្រាប្តូរប្រាក់ និងសមត្ថភាពសងបំណុលរបស់វិស័យហិរញ្ញវត្ថុរបស់ប្រទេសមួយ»