(ប៉េកាំង)៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនយឺតបំផុត ចាប់តាំងពីដើមឆ្នាំ២០២៣ ក្នុងត្រីមាសទី៣ ហើយទោះបីជាតួលេខនៃការប្រើប្រាស់ និងទិន្នផលរោងចក្របានកើនខ្ពស់ជាងការព្យាករកាលពីខែមុនក៏ដោយ ក៏វិស័យអចលនទ្រព្យដែលធ្លាក់ចុះ នៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុងប៉េកាំង ខណៈកំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អាជ្ញាធរនានាបានបង្កើនវិធានការ ជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង ចាប់តាំងពីចុងខែកញ្ញាមក ប៉ុន្តែទីផ្សារកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមទៀត អំពីទំហំកញ្ចប់វិធានការបន្ថែម និងផែនទីបង្ហាញផ្លូវច្បាស់លាស់ជាងមុន ដើម្បីទាញសេដ្ឋកិច្ចឱ្យត្រលប់មកឈរលើមូលដ្ឋានរឹងមាំយូរអង្វែងមកវិញ។

ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ បានកើនឡើង ៤,៦% ក្នុងត្រីមាសទី៣ ពោលគឺខ្ពស់ជាងការព្យាករដែលថាមានតែ ៤,៥% នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារពត៌មានរ៉យទ័រ ប៉ុន្តែទាបជាងកំណើន ៤,៧% នៅក្នុងត្រីមាសទីពីរ។

លោក Bruce Pang ប្រធានសេដ្ឋវិទូមកពីក្រុមហ៊ុន JLL បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ទិន្នន័យនៅត្រីមាសទី៣ ឆ្នាំ២០២៤ របស់ប្រទេសចិនមិនល្អខ្លាំងហើយក៏មិនអាក្រក់ខ្លាំង»។ លោកបានបន្ថែមថា៖ «ដំណើរការនេះស្របតាមការរំពឹងទុករបស់ទីផ្សារ ដោយសារតម្រូវការក្នុងស្រុកទាប ទីផ្សារលំនៅឋាននៅតែជួបការលំបាក និងកំណើនការនាំចេញយឺត»

លោកបានបន្ថែមថា៖ «កញ្ចប់ជំរុញសេដ្ឋកិច្ច ដែលបានប្រកាសនៅចុងខែកញ្ញានឹងត្រូវការពេលវេលា និងការអត់ធ្មត់ក្នុងការជំរុញកំណើន ក្នុងរយៈពេលជាច្រើនត្រីមាសបន្ទាប់»