(ភ្នំពេញ)៖ ត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) កម្ពុជារកចំណូលបានជាង ៣៩៧លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) មានចំនួន៣៩៤ ០៦១ ៣២៧ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៣ ៣៤៩ ២៧៧ដុល្លារ។
គិតត្រឹមនព្វមាស ឆ្នាំ២០២៤ (រយៈពេល៩ខែ) ជ័រកៅស៊ូមានតម្លៃ ១,៥៦៥ដុល្លារ ក្នុង១តោន កើនឡើងចំនួន២១៥ដុល្លារ ក្នុង១តោន ស្មើនឹង១៥.៧២% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃ២៨៩ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕