(សេអ៊ូល)៖ ទីផ្សារមូលបត្របំណុលនៅតំបន់អាស៊ីបានទាក់ទាញការវិនិយោគពីក្រៅប្រទេសរយៈពេល ៥ខែជាប់គ្នាគិតត្រឹមខែកញ្ញា ទោះបីជាល្បឿនលំហូរចូលនៃការវិនិយោគនេះបានថមថយដោយសារការធ្លាក់ចុះការរំពឹងទុកថានឹងមានការទម្លាក់អត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលអាមេរិក និងការប្រុងប្រយ័ត្នមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីអាជ្ញាធរនិយតកម្ម និងសមាគមទីផ្សារមូលបត្របំណុលនានាថា វិនិយោគិនឆ្លងព្រំដែនបានទិញមូលបត្របំណុលក្នុងស្រុកនៅប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង និងថៃ សរុបក្នុងតម្លៃ ៤,៩៩ពាន់លានដុល្លារ ដែលតិចជាង ១៤,០៩ពាន់លានដុល្លារនៃការទិញសុទ្ធ (ផលវិជ្ជមានរវាងការវិនិយោគនិងការដកការវិនិយោគ) កាលពីខែសីហា។

អ្នកវិភាគរំពឹងថា លំហូរចូលវិនិយោគទៅក្នុងមូលបត្របំណុលអាស៊ីនឹងមានការធ្លាក់ចុះបន្ថែមទៀតដោយសារការកើនឡើងថ្លៃប្រាក់ដុល្លារអាមេរិកនាពេលថ្មីៗនេះ និងការកើនឡើងទិន្នផលមូលបត្របំណុលសហរដ្ឋអាមេរិកក្នុងខែនេះ។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (កញ្ចប់អត្រាប្តូរប្រាក់ដុល្លារអាមេរិកជាមួយរូបិយប័ណ្ណបរទេសធំៗចំនួន៦) បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែគឺ ១០៣,៣៩៧ ក្នុងសប្តាហ៍នេះ ខណៈដែលទិន្នផលមូលបត្របំណុលដែលមានអាយុកាល ១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែកន្លះគឺ ៤,១២ភាគរយបន្ទាប់ពីអាមេរិកបានចេញផ្សាយទិន្នន័យការងារដ៏រឹងមាំ ហើយអតិតផរណាខ្ពស់ជាងការរំពឹងទុកនៅខែកញ្ញាបានកាត់បន្ថយការរំពឹងទុកថានឹងមានការកាត់បន្ថយអត្រាបន្ថែមទៀតពីធនាគារកណ្តាលអាមេរិក។

លោក Saktiandi Supaat អ្នកវិភាគនៃធនាគារ Maybank បានកត់សម្គាល់ថា ហានិភ័យជិតរយៈពេលខ្លីសម្រាប់រូបិយប័ណ្ណរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍នៅតែមាន ហើយការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ឈ្នះឆ្នោត អាចជំរុញឱ្យវិនិយោគិនដកការវិនិយោគពីទីផ្សារបំណុលអាស៊ីដោយសារសំណើដកហូតពន្ធគយរបស់គាត់ ខណៈដែលជ័យជម្នះរបស់អ្នកស្រី កាម៉េឡា ហារីស អាចនឹងជួយគាំទ្រសេដ្ឋកិច្ចក្នុងពិភពលោក និងការបន្ធូរបន្ថយអត្រាការប្រាក់បន្តិចម្តងៗ។

ក្នុងខែកញ្ញា វិនិយោគិនបរទេសបានទិញមូលបត្របំណុលរបស់កូរ៉េខាងត្បូងដែលមានតម្លៃ ២,៧៦ពាន់លានដុល្លារ តិចជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់ដែលបានទិញកាលពីខែសីហា ខណៈដែលមូលបត្របំណុលឥណ្ឌូណេស៊ីបានទាក់ទាញវិនិយោគប្រហែល ១,៤ពាន់លានដុល្លារ។

លើសពីនេះទៀត វិនិយោគបរទេសបានចាក់បញ្ចូលទឹកប្រាក់ប្រហែល ៤២៧លានដុល្លារទៅក្នុងមូលបត្របំណុលរបស់ថៃ ២៥៣លានដុល្លារទៅក្នុងទីផ្សារម៉ាឡេស៊ី និង ១៥៦លានដុល្លារទៅក្នុងទីផ្សារឥណ្ឌាកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕