(បាងកក)៖ ធនាគារកណ្តាលរបស់ប្រទេសថៃបានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនដោយឥតរំពឹងទុកកាលពីថ្ងៃពុធដោយលើកឡើងថា ការទម្លាក់នេះបាននាំអត្រាការប្រាក់ស្ថិតមករក «អព្យាក្រឹតភាព» ស្របតាមសក្ដានុពលកំណើនសេដ្ឋកិច្ច។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការកាត់បន្ថយអត្រាការប្រាក់ ២៥ពិន្ទុមូលដ្ឋានឬស្មើនឹង ០,២៥ភាគរយ គឺជាការកាត់បន្ថយលើកដំបូងគិតចាប់តាំងពីខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរក្នុងកិច្ចប្រជុំ ៥លើកជាប់ៗគ្នា និងក្រោយមានសម្ពាធជាច្រើនខែពីរដ្ឋាភិបាលដែលចង់ឱ្យធនាគារកណ្តាលទម្លាក់ការប្រាក់ដើម្បីជួយជំរុញដល់ការស្តារសេដ្ឋកិច្ចដែលកើនយឺត។

សន្ទស្សន៍ហ៊ុនគោលរបស់ប្រទេសបានកើនឡើង ១,៦ភាគរយ ខណៈដែលប្រាក់បាតថៃបានធ្លាក់ចុះ ០,៣៦ភាគរយបន្ទាប់ពីទម្លាក់អត្រាការប្រាក់នេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយធនាគារកណ្តាលថៃ (BOT) ថា៖ «អត្រាការប្រាក់គោលនយោបាយទាបនឹងមិនរារាំងដល់ដំណើរការកាត់បន្ថយកម្រិតបំណុលទេដោយសារកំណើនប្រាក់កម្ចីរំពឹងថានឹងថមថយ ហើយនឹងនៅតែមានអព្យាក្រឹតភាព និងស្របតាមសក្តានុពលសេដ្ឋកិច្ច»

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃបានបោះឆ្នោត ៥ ទល់នឹង ២សំឡេងដើម្បីទម្លាក់អត្រាការប្រាក់នេះពីអត្រា ២,៥០ភាគរយមកនៅត្រឹម ២,២៥ភាគរយ។

ជំនួយការទេសាភិបាលធនាគារកណ្តាលថៃលោក Sakkapop Panyanukul ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «វាមិនមែនជាវដ្តនៃការបន្ធូរបន្ថយគោលនយោបាយទេ... គ្រាន់តែជាការកែប្រែអត្រាការប្រាក់គោលនយោបាយប៉ុណ្ណោះ»។ លោកថ្លែងថា៖ «វាមិនមែនមកពីសម្ពាធនយោបាយឡើយ»

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ការកាត់បន្ថយអត្រាការប្រាក់នឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្ហាញថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុកំពុងត្រូវបានសម្របសម្រួល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕