(សៀមរាប)៖ ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្តិការផ្សេងៗ សម្រាប់ការបើកជើងហោះហើរថ្មី និងក្រុមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីជាការលើកទឹកចិត្ត និងទាក់ទាញឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ថ្លែងនៅក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្ត សម្រាប់ការបើកជើងហោះហើរថ្មី (New Routes) ឬជើងហោះហើរដែលបានផ្អាកជាង១២ ខែ ហើយធ្វើការតភ្ជាប់ហោះហើរឡើងវិញ ដោយបញ្ចុះតម្លៃទាំងស្រុង (១០០%) នូវថ្លៃចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ឬ៥០%ប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការលើកទឹកចិត្តសម្រាប់ ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍ ដែលបានផ្អាកប្រតិបត្តិការលើសពី ១២ខែ ហើយធ្វើប្រតិបត្តិការឡើងវិញ ដោយគិតថ្លៃចុះចត (Landing) ថ្លៃចំណត (Parking) ថ្លៃភ្លើងបំភ្លឺ (Lighting) និងថ្លៃស្ពានឆ្លងចូលយន្តហោះ (Aerobridge) ៥០% ក្នុងឆ្នាំដំបូង ហើយក្នុងឆ្នាំទីពីរ នឹងត្រូវបានកាត់បន្ថយត្រឹម២៥%។
លើសពីនេះទៅទៀត នឹងផ្តល់ការបញ្ចុះតម្លៃផ្ទាល់ យោងតាមចំនួនអ្នកដំណើរចេញ។ ជើងហោះដែលមានចំនួនអ្នកដំណើរចាប់ពី ១២០ នាក់ ដល់១៥០ នាក់ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០០ដុល្លារ ក្នុងមួយជើងហោះហើរ។ ចំណែកជើងហោះហើរ ដែលមានចំនួនអ្នកដំណើរចាប់ពី១៥០ នាក់ឡើងនឹងទទួល បានប្រាក់លើកទឹកចិត្តចំនួន ៦០០ដុល្លារក្នុងមួយជើងហោះហើរ។
លោក ស៊ូ បូ ជឿជាក់ថា តាមរយៈវិធានការលើកទឹកចិត្តនេះ នឹងអាចទាក់ទាញ ឱ្យក្រុមហ៊ុនអាកាសចរណ៍ច្រើនទៀត បង្កើតផ្លូវហោះហើរថ្មី និងពង្រីកប្រតិបត្តិការអាជីវកម្ម នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
លោកបានលើកឡើងបន្ថែមថា «យើងមានជំនឿដ៏មុតមាំថា ក្រោមការណែនាំ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការយក ចិត្តទុកដាក់ និងគាំទ្រពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងដោយមានកិច្ចសហប្រតិបត្តិការ ពីគ្រប់ដៃគូ ទាំងអស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបន្តដំណើរទៅមុខ និងសម្រេចបាននូវការអភិវឌ្ឍ ដ៏ចីរភាព។ នេះនឹងផ្តល់កម្លាំងថ្មីសម្រាប់ការស្តារឡើងវិញ នូវសេដ្ឋកិច្ចទេសចរណ៍ខេត្តសៀមរាប និងការរីកចម្រើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជាទាំងមូល»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ៅ ហាវវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងពីគោលនយោបាយ និងវិធានការអនុគ្រោះមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលថ្មីៗនេះ ក្នុងការជំរុញ និងសម្រួល ដល់ការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មី នៅខេត្តសៀមរាប។
គោលនយោបាយ និងវិធានការអនុគ្រោះ ទាំងនោះរួមមាន៖
* ក្របខណ្ឌក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេស្តិ៍)៖
- បានរៀបចំការបង់ថ្លៃសេវាទិដ្ឋាការតាមអនឡាញ
- បានរៀបចំប្រព័ន្ធ E-Arrival ជាទម្រង់តែមួយ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលមកកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ គ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំង ពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិត ប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia E-Arrival ដោយមិនចាំបាច់ចំណាយពេល វេលាបំពេញឯកសារដោយដៃ នៅពេលមកដល់ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ កម្ពុជាទៀតឡើយ
- បានលុបចោលគោលការណ៍ ដែលតម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិ ត្រូវសម្រាកមួយយប់។
* ក្របខណ្ឌក្រសួងទេសចរណ៍
- បានដាក់ចុះយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» សំដៅជំរុញសន្ទុះងើបឡើង វិញវិស័យទេសចរណ៍ខេត្តសៀមរាប
- បានលើកលែងការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ ដំណាច់ឆ្នាំ២០២៤
- ពន្យារ ឬបន្ថែមសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពី ២ឆ្នាំ ទៅ ៣ឆ្នាំ ម្តង។
* ក្របខណ្ឌរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
- កម្រៃសិទ្ធិហោះហើរតែម្ខាង (Traffic Right Charge - Royalty) ដល់ក្រុមហ៊ុន អាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិចេញ-ចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ រួមមាន៖
- ផ្តល់ការចុះកម្រៃ ៥០% ដូចគ្នាជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់ជើងហោះហើរបន្ថែម (Extra Flight) និងជើងហោះហើរដោយយន្តហោះជួល (Charter Flight)
- ផ្តល់ការចុះកម្រៃ ៥០% ចំពោះជើងហោះហើរជាប្រចាំ (Regular Flight) គ្រប់ជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ចំពោះកម្រៃ Royalty ចំនួន ៥០% ទៀត ដែលនៅសល់ ត្រូវបានផ្តល់ជាការលើកទឹកចិត្ត (Incentive) បន្ថែមស្របទៅតាមលក្ខណ្ឌ កំណត់ដូចខាងក្រោម៖
ក) សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នកដំណើរចាប់ពី ១២០នាក់ ដល់ ១៤៩នាក់ ទទួលបានការកាត់បន្ថយកម្រៃចំនួន ២៥% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប ៧៥%) និង
ខ) សម្រាប់ជើងហោះហើរជាប្រចាំ (Regular Flight) ទាំងឡាយណាដែលផ្ទុកអ្នក ដំណើរចាប់ពី១៥០នាក់ឡើងទៅ នឹងត្រូវទទួលបានការការចុះកម្រៃ Royalty ចំនួន៥០% បន្ថែម (ឬទទួលបានការកាត់បន្ថយសរុប១០០%)
Air Navigation Charges for Landing (កម្រៃសេវានាំផ្លូវសម្រាប់ការចុះចត)។
- បានកាត់បន្ថយកម្រៃសេវានាំផ្លូវសម្រាប់ការចុះចត (Air Navigation Charges for Landing) ចំនួន៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរ ក្នុងស្រុក (Domestic) និងអន្តរជាតិ (International) នៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ សម្រាប់រដូវខ្សត់ភ្ញៀវ/រដូវបៃតង (Low season/Green season)។
- ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ/YACA (ប្រតិបត្តិករ) បាននិងកំពុងពិនិត្យ ពិចារណាដាក់ចេញនូវគោលការណ៍លើកទឹកចិត្ត និងសម្រួលដល់ការយក កម្រៃសេវានានាបន្ថែមទៀត ដល់ឧស្សហកម្មអាកាស ចរណ៍តាមលទ្ធភាពដែលអាចធ្វើទៅបាន។
* ក្របខណ្ឌធនាគារជាតិកម្ពុជា
- សម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ទក់ រហែក
- បានដាក់ឱ្យប្រើប្រាស់ការទូទាត់ប្រាក់តាមកម្មវិធីបាគងថ្មីមួយ សម្រាប់ភ្ញៀវទេសចរ ដើម្បីជួយសម្រួលដល់ការចាយវាយ ឬទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗរបស់ភ្ញៀវ ទេសចរបរទេសនៅតាមគោលដៅទេសចរណ៍នានានៅកម្ពុជា។ តាមរយៈប្រព័ន្ធបាគង នេះ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស អាចប្រើប្រាស់ក្រេឌីតកាត ដូចជាវីសា (Visa) ម៉ាស្ទ័រកាត (Master Card) និងញូញៀនផេ (Union Pay) ផ្ទេរប្រាក់ចូលទៅក្នុង គណនីបាគងសម្រាប់ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បើទោះបីពួកគេគ្មាន គណនីនៅធនាគារក្នុងស្រុកក៏ដោយ។
* ក្របខណ្ឌអាជ្ញាធរជាតិអប្សរា
- បានកែសម្រួលនៅលក្ខខណ្ឌតម្រូវថ្មី ពាក់ព័ន្ធនឹងការថតវីដេអូ ឬរូបភាពសន្លឹក ក្នុងរមណីយដ្ឋានអង្គរ
- បានការកែសម្រួលពេលវេលាបើក-បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ
- បានកែសម្រួលទម្រង់ការលក់ប័ណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង ដើម្បីបង្ករភាពងាយស្រួលជូនដល់ ភ្ញៀវទេសចរបន្ថែមទៀត។
* ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានពន្ធដារ)
ក) ការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ (Airlines companies)
១. បានបន្ថយអត្រាពន្ធកាត់ទុកពី១៤ ភាគរយ មកត្រឹម ១០ ភាគរយ ចំពោះការជួលយន្តហោះពីក្រៅប្រទេស មកប្រកបអាជីវកម្មរបស់ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក
២. បានបន្ថយអត្រាអាករពិសេសពី១០ភាគរយ មកត្រឹម ៥ ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសដោយពុំគិតថាការដឹកជញ្ជូនអ្នកដំណើរធ្វើឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។
* ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ ឆ្នាំ គិតចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។
ខ) ការអនុគ្រោះផ្នែកពន្ធកាត់ទុក និងអាករពិសេសចំពោះឧស្សាហកម្មទេសចរណ៍នៅ ខេត្តសៀមរាប (Tourism Industries in Siem Reap only)
១. បន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ (ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារ ទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានអាជីវកម្មនៅខេត្តសៀមរាប) លើកលែងពន្ធលើប្រាក់ចំណូល មិនចុះធ្វើសវន កម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥
២. រាជរដ្ឋាភិបាល ក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារអាមេរិក តាមរយៈធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) សម្រាប់ត្រៀមផ្តល់ឥណទាន ជា ពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប៕