(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានដាក់ដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code តាមរយៈប្រព័ន្ធបាគង និងបណ្តាញទូទាត់ពិភពលោក Alipay+ របស់ក្រុមហ៊ុន Ant International។
ដូច្នេះអ្នកប្រើប្រាស់បណ្ដាញ Alipay+ អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ និងទូទាត់ដល់ពាណិជ្ជករជាង៣.៣លានទីតាំង ក្នុងប្រទេសកម្ពុជា ដែលមានគណនីប្រាក់រៀល។
ការតភ្ជាប់ប្រព័ន្ធទូទាត់ទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសទាំងពីរនេះ រៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា, និងតំណាងក្រុមហ៊ុន Ant International ព្រមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែននេះ ជាសមិទ្ធផលថ្មីមួយទៀតនៃ ចក្ខុវិស័យពង្រីកវិសាលភាព ប្រតិបត្តិការទូទាត់ឆ្លងដែនតាមខេអេចហ្សូអរកូត របស់ប្រព័ន្ធបាគង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ស្ដីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃួអរកូត» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា សមិទ្ធផលថ្មីនេះបានឆ្លុះបញ្ចាំងអំពី ការលើកកម្ពស់ការទូទាត់ឆ្លងដែន ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាពដោយប្រើប្រាស់រូបិយវត្ថុជាតិ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញបរិវត្តកម្មឌីជីថល សំដៅរួមចំណែកពង្រឹងទំនាក់ទំនង់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែជិតស្និទ្ធមួយកម្រិតទៀត រវាងកម្ពុជា និងប្រទេសចិន ព្រមទាំងប្រទេសជាដៃគូសហការរបស់ Alipay+។
លោកស្រីបណ្ឌិតបញ្ជាក់ថា «គំនិតផ្តួចផ្តើមនេះនឹងផ្តល់លទ្ធភាព`ដល់អ្នកប្រើប្រាស់ដែលជាដៃគូរបស់ Alipay+ អាចប្រើប្រាស់កម្មវិធីទូទាត់អន្តរជាតិជាង៩រួមមាន Alipay (ចិនដីគោក), Touch'n Go eWallet (ម៉ាឡេស៊ី), GCash(ហ្វីលីពីន), Kakao Pay, Toss Pay (កូរ៉េខាងត្បូង), OCBC និង Changi Pay (សិង្ហបុរី) និងកម្មវិធីទូទាត់ផ្សេងទៀត ដើម្បីធ្វើការទូទាត់ដល់ពាណិជ្ជករជាង៣.៣លានទីតាំង ក្នុងប្រទេសកម្ពុជា ប្រកបដោយភាពងាយស្រួល តាមរយៈការស្កេនKHQR Code»។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា មកទល់នឹងពេលនេះធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន បានយ៉ាងជោគជ័យជាមួយនឹងប្រទេសថៃ ហើយក្នុងមានការសហការជាបន្ដបន្ទាប់ជាមួយប្រទេស វៀតណាម ឡាវ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។
លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់បន្ថែមថា លើសពីនេះធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះ បានណែនាំកម្មវិធីទេសចរណ៍បាគង ដែលក្នុងគោលបំណងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់សេវាកម្មបង់ប្រាក់នៅកម្ពុជា និងគាំទ្រដល់ឧស្សាហកម្មទេសចរ តាមរយៈការបើកការទូទាត់ជាឌីជីថល សម្រាប់ភ្ញៀវអន្តរជាតិ។
តំណាងក្រុមហ៊ុន Ant International បានថ្លែងឲ្យដឹងថា ថ្ងៃនេះយើងពិតជាមានក្ដីរីករាយ និងមោទនភាព ក្នុងការនាំយកកាបូបអេឡិចត្រូនិក និងកម្មវិធីធនាគារឈានមុខគេលំដាប់អន្តរជាតិ មកកាន់ប្រទេសកម្ពុជា។
លោកបានបន្ដថា ថ្ងៃនេះធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Ant International បានដាក់ដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែន តាម QR Code តាមរយៈប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay Plus។ ដូច្នេះបន្ទាប់ពីកិច្ចសហការគ្នានេះរួច អ្នកដំណើរមកពីប្រទេស និងតំបន់ចំនួន៩ អាចទូទាត់យ៉ាងរលូនជាមួយអាជីវករ តាមប្រព័ន្ធបាគងនៅកម្ពុជា តាមរយៈ KHQR៕