(លីសប៊ន)៖ សិស្សជិត១,៧០០នាក់ អាយុចម្លោះពី១២ឆ្នាំ ដល់៦៧ឆ្នាំ បានប្រមូលផ្តុំគ្នា នៅឯសាលាបច្ចេកវិទ្យា IST របស់សាកលវិទ្យាល័យ University of Lisbon នៅថ្ងៃសៅរ៍ ដើម្បីបង្កើតកំណត់ត្រាពិភពលោក Guinness World Record ថ្មីមួយ សម្រាប់មេរៀនសរសេរកម្មវិធីកុំព្យូរទ័រ ដែលមានសិស្សចូលរួមច្រើនជាងគេបំផុត នៅក្នុងសាលតែមួយ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
កំណត់ត្រាពីពេលមុន ត្រូវបានបង្កើតឡើងដោយសិស្សចូលរួម៧២៤នាក់ នៅទីក្រុង Dallas សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។
«ការរាប់ចំនួនសរុបចុងក្រោយ មានមនុស្ស១,៦៦៨នាក់ បានចូលរួម», នេះបើតាមអ្នកកាត់សេចក្តី Guinness World Records លោកស្រី Paulina Sapinska។
អ្នករៀបចំកម្មវិធី មានគោលបំណងស្វែងរកការចាប់អារម្មណ៍ ជាអន្តរជាតិបន្ថែមទៀត ទៅកាន់ប្រទេសព័រទុយហ្គាល់ ដែលជាមជ្ឈមណ្ឌលរីកចម្រើន សម្រាប់បច្ចេកវិទ្យាព័ត៌មាន និងធ្វើឱ្យកុំព្យូទ័រ មានការពេញនិយមជាទូទៅ៕