(បាងកក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Naripthaphan បានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសថៃនិងឡាវក្នុងគោលបំណងជំរុញតម្លៃពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ១១ពាន់លានដុល្លារនៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវលោក Malaythong Kommasith លោក Pichai បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែន ដោយកំណត់ទិសដៅតម្លៃពាណិជ្ជកម្មទ្វេភាគីចំនួន ១១ពាន់លានដុល្លារនៅឆ្នាំក្រោយ។

ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសឡាវ ដែលតម្លៃពាណិជ្ជកម្មទ្វេភាគីមានចំនួន ៧,៦៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

លោក Pichai បាននិយាយថា លោកបានស្នើឱ្យលោក Malaythong ពន្លឿនការបើកច្រកព្រំដែនចំនួនបួនឡើងវិញ ដែលបានបិទចាប់តាំងពីមានជំងឺរាតត្បាត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលថៃចូលទៅក្នុងប្រទេសឡាវ។

ទាក់ទងនឹងពាណិជ្ជកម្មផ្ទេ លោក Pichai ក៏បានស្នើឱ្យប្រទេសឡាវជួយសម្រួលដល់ការនាំចេញផលិតផលថៃដែលឆ្លងកាត់ព្រំដែនឡាវទៅកាន់ប្រទេសចិន និងវៀតណាម តាមរយៈផ្លូវ R3A, R9, និង R12 និងផ្លូវដែកឡាវ-ចិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕