(កែប)៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរ ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។
នេះបើតាមការឲ្យដឹងពីលោក គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
លោក គិត សុវណ្ណារិទ្ធ បានថ្លែងឲ្យដឹងថា «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញពីការវិវត្ត និងរីកចម្រើនយ៉ាងខ្លាំង ហើយបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាពការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន»។
លោកបានបន្ដថា វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបាន បន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយ ប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន ជាពិសេសសម្រាប់ ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលពុំមានប្រតិបត្តិការធនាគារទៅដល់។
លោកបានបបញ្ជាក់បន្ថែមថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរងនូវការចោទប្រកាន់ មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយ បារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់ បំណុល លើសលប់ ការអនុវត្តសកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់បន្ថយរបបអាហារ ឬលក់ដីធ្លី ការធ្វើចំណាកស្រុកខុសច្បាប់ ការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារជាដើម។
លោកបានបញ្ជាក់ថា បញ្ហាចម្បងៗដែលជាដើមហេតុ នៃការចោទប្រកាន់ទាំងនេះរួមមាន៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក ហិរញ្ញវត្ថុនៅមានកម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សោយនៃដំណើរការវាយតម្លៃ ក្នុងការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្តោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗ ក្នុងកម្រិតខ្ពស់ជាដើម។ ជុំវិញបញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធ ធនាគារប្រកបដោយភាពទទួលខុសត្រូវ ។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងឱ្យដឹងថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្តរក្សាបានកំណើន និងស្ថិរភាព តាមរយៈការផ្តល់សេវាកម្ម ប្រកបដោយបរិយាបន្ន ជាមួយស្មារតី ទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។
គិតត្រឹមត្រីមាសទីពីរឆ្នាំ២០២៤នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ទុនជូនប្រជាជនកម្ពុជា ចំនួនប្រមាណ១,៥៥លាននាក់ ក្នុងនោះ៥៤% ជាស្ត្រី និងមានសមតុល្យឥណទានសរុបប្រមាណ ៥,១ ពាន់លានដុល្លារអាមេរិក ព្រមទាំងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង២លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាមេរិក និងបណ្តាញការិយាល័យជាង ៩០០ កន្លែង ដែលមានបុគ្គលិកបម្រើសេវា កម្មសរុបប្រមាណជាង២១ពាន់នាក់ នៅទូទាំង២៥រាជធានី-ខេត្ត នៃកម្ពុជា៕