(ភ្នំពេញ)៖ ការទូទាត់ជាប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក មានកំណើន ១.៨ដង ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ។ នេះបើតាមការឲ្យដឹងពីលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
លោក យឹម លាត បានបន្ដលើកទឹកចិត្ត ដល់ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ប្រាក់រៀលឱ្យ បានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ។
ថ្លែងឲ្យដឹងក្នុងកម្មវិធី សិក្ខាសាលាស្ដីពី ការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល លោក យឹម លាត បានថ្លែងថា «ការទូទាត់ជាប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានកំណើន១,៨ដង ធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន និង២.៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២»។
លោកបានបន្ដថា ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍ របស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា «ហាងលក់ទំនិញស្ទើរទាំងអស់ បានបិទស្លាកតម្លៃជាប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើងបានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងចំណោមហាងទំនិញចំនួន៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថាមានហាងទំនិញ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង»។
លោកបានបន្ថែមថា ទោះយ៉ាងណា មានហាងទំនិញប្រមាណ២៨% ទទួលការទូទាត់តែ ជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលបញ្ហានេះ ទាមទារឱ្យមានកិច្ចសហការបន្ថែមទៀត។
លោក យឹម លាត បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងប្រសិទ្ធភាព ការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាអត្រាអតិផរណា ឱ្យស្ថិតនៅកម្រិតទាប គ្រប់គ្រងបានកម្រិតអត្រាការប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការជំរុញការនាំចេញ ជំរុញការវិនិយោគនិងការប្រើប្រាស់ បង្កើនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិ៕