(ភ្នំពេញ)៖ នៅរយៈពេល៩ខែដើមឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៤០ពាន់លានដុល្លារ កើនឡើង ១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

យោងតាមទិន្នន័យដដែលនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ប្រមាណជាង ១៩.៨ពាន់លានដុល្លារ កើនឡើង១៧% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ២១.១ពាន់លានដុល្លារកើនឡើង១៥.៩%។

ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម។

ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន ចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ឌូនេស៊ី និងអង់គ្លេស ជាដើម៕