(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន ហុងដា (Honda) កំពុងប្រមូលរថយន្តតូចនិងរថយន្តប្រភេទ SUV ចំនួន ១,៧លានគ្រឿងនៅសហរដ្ឋអាមេរិកដើម្បីជួសជុលបញ្ហាពិបាកកាច់ចង្កូតដែលបង្កើនហានិភ័យគ្រោះថ្នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការប្រមូលរថយន្តមកជួសជុលវិញនេះបានប៉ះពាល់លើរថយន្តផលិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ រួមមានរថយន្ត Civic រថយន្ត Civic Type R រថយន្ត CR-V រថយន្ត HR-V រថយន្ត Acura Integra និងរថយន្ត Integra Type S។ ក្រុមហ៊ុន Honda បានឱ្យដឹងថា ខ្លួនបានទទួលការទាមទារសេវាធានាចំនួន ១០ ៣២៨សំណើដែលទាក់ទងនឹងបញ្ហានេះចាប់តាំងពីឆ្នាំ២០២១មក។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានបើកការស៊ើបអង្កេតលើបញ្ហានេះនៅក្នុងខែមីនាឆ្នាំ២០២៣ និងបានបង្កើនការស៊ើបអង្កេតនៅក្នុងខែវិច្ឆិកា។ រដ្ឋបាល NHTSA បានឱ្យដឹងថា ប្រអប់ចង្កូតអាចផលិតមិនត្រឹមត្រូវ ដែលអាចបណ្តាលឱ្យមានការកកិតខាងក្នុងខ្លាំងពេក និងនាំឱ្យមានការពិបាកនៅពេលកាច់ចង្កូត។ ក្រុមហ៊ុនចែកចាយរថយន្តនឹងផ្លាស់ប្តូរគ្រឿងបង្គុំដែលខូចនិងបន្ថែមខ្លាញ់គោប្រសិនបើចាំបាច់។

អ្នកបើកបរបានប្រាប់រដ្ឋបាល NHTSA អំពីបញ្ហា «ចង្កូតស្អិត» ដែលភាគច្រើនកើតឡើងនៅពេលរថយន្តបើកបរក្នុងល្បឿនកម្រិតផ្លូវហាយវេ បន្ទាប់ពីបើកបរក្នុងរយៈពេលជាក់លាក់ណាមួយ។ បណ្តឹងភាគច្រើនបានឱ្យដឹងថាបញ្ហានេះបានកើតឡើងជាមួយនឹងរថយន្តដែលមានអាយុកាលប្រើប្រាស់គីឡូម៉ែត្រទាប។

រដ្ឋបាល NHTSA បានឱ្យដឹងកាលពីឆ្នាំមុនថា ខ្លួនបានទទួលរបាយការណ៍គ្រោះថ្នាក់ចំនួន ១៣ករណីដែលទាក់ទងនឹងបញ្ហានេះ រួមទាំងអ្នកបើកបរ ១១នាក់ដែលបាននិយាយថា ពួកគេបានបាត់បង់ការគ្រប់គ្រងរថយន្តដោយសារតែមិនអាចគ្រប់គ្រងចង្កូតមុនពេលរថយន្តរបស់ពួកគេធ្លាក់ចេញពីផ្លូវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕