(កូឡុំបូ)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កា បានឱ្យដឹងថា រដ្ឋាភិបាលថ្មីរបស់ប្រទេសនេះ បានយល់ព្រមលើការរៀបចំឡើងវិញ នូវឥណទានបរទេសដ៏ចម្រូងចម្រាសចំនួន ១៤,៧ពាន់លានដុល្លារ ដែលត្រូវបានព្រមព្រៀងដោយប្រធានាធិបតីមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា អតីតមេដឹកនាំស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលបរទេស និងធនាគារអភិវឌ្ឍន៍ចិន ត្រឹមតែពីរថ្ងៃប៉ុណ្ណោះមុនពេលលោកបានចាញ់ការបោះឆ្នោត ប្រធានាធិបតីកាលពីខែមុន។

ប្រធានាធិបតីឆ្វេងនិយម ដែលបានជាប់ឆ្នោតថ្មីលោក Anura Kumara Dissanayake បានអំពាវនាវឱ្យមានលក្ខខណ្ឌល្អប្រសើរជាងនេះ នៅក្នុងកិច្ចព្រមព្រៀងបំណុល ប៉ុន្តែបន្ទាប់ពីមានកិច្ចពិភាក្សារយៈពេលពីរថ្ងៃ ជាមួយគណៈប្រតិភូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងកូឡុំបូរួចមក រដ្ឋាភិបាលរបស់លោកបាននិយាយថា ខ្លួននឹងគោរពតាមកិច្ចព្រមព្រៀងដែលសម្រេចដោយអតីប្រធានាធិបតី ដែលកាន់តំណែងមុនលោក។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុស្រីលង្កាថា៖ «អាជ្ញាធរស្រីលង្កាបញ្ជាក់ពីការយល់ព្រម ជាគោលការណ៍របស់ពួកគេចំពោះ ...កិច្ចព្រមព្រៀងដូចដែលបានប្រកាស នៅថ្ងៃទី១៩ ខែកញ្ញា»

ការរៀបចំបំណុលឡើងវិញ គឺជាការទាមទារដ៏សំខាន់មួយ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីកសាងសេដ្ឋកិច្ចរបស់កោះនេះឡើងវិញ ដែលបានទទួលរងនូវវិបត្តិដ៏អាក្រក់បំផុតក្នុងឆ្នាំ២០២២ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ ៧,៨ភាគរយ។

កាលពីខែមិថុនា រដ្ឋាភិបាលសម្រេចបានបានកិច្ចព្រមព្រៀងជាមួយម្ចាស់កម្ចីទ្វេភាគីរបស់ខ្លួន ដើម្បីរៀបចំឥណទានផ្លូវការរបស់ខ្លួនឡើងវិញចំនួន ៦ពាន់លានដុល្លារ។ ស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានប្រកាសកាលពីថ្ងៃទី ១៩ ខែកញ្ញានេះ ម្ចាស់បំណុលឯកជនដែលកាន់កាប់ជាងពាក់កណ្តាលនៃមូលបត្របំណុលអន្តរជាតិ និងប្រាក់កម្ចីពាណិជ្ជកម្មបរទេសរបស់ប្រទេសអាស៊ីខាងត្បូងនេះ បានយល់ព្រមកាត់បន្ថយបំណុល ២៧ភាគរយលើប្រាក់កម្ចីរបស់ពួកគេ៕