(បាងកក)៖ តម្លៃអង្ករសក្នុងស្រុករបស់ប្រទេសថៃ បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីប្រទេសឥណ្ឌា បានចាប់ផ្តើមនាំចេញអង្ករសមិនមែន ប្រភេទបាសម៉ាទីជាថ្មី។ ទោះយ៉ាងណា ប្រធានកិត្តិយសសមាគមក្រុមហ៊ុននាំចេញអង្ករថៃ បានឱ្យដឹងថា ការប្រែប្រួលតម្លៃនេះ មិនទាន់ប៉ះពាល់ដល់បរិមាណនាំចេញអង្ករ នៅឆ្នាំនេះនៅឡើយទេ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ប្រធានសមាគមកិត្តិយសលោក Chookiat Ophaswongse បាននិយាយកាលពីថ្ងៃទី២៨ ខែកញ្ញាថា រដ្ឋាភិបាលឥណ្ឌាបានលុបចោលការហាមឃាត់ លើការនាំចេញអង្ករសមិនមែនប្រភេទបាសម៉ាទី ដែលបានដាក់បម្រាបរយៈពេលជាងមួយឆ្នាំមកនេះ ហើយទិន្នផលនៅរដូវប្រមូលផល នៅឆ្នាំ២០២៤នេះ នឹងជួយបង្កើនស្តុកអង្កររបស់រដ្ឋាភិបាល សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។
ប្រទេសឥណ្ឌាក៏បានកាត់បន្ថយពន្ធនាំចេញអង្ករ ប្រភេទស្ងោពី ២០% មកត្រឹម ១០% ផងដែរ។ កាលពីថ្ងៃចន្ទ អង្ករសប្រភេទបាក់ ៥ភាគរយរបស់ប្រទេសឥណ្ឌា ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ៤៩០ដុល្លារអាមេរិក។
លោក Chookiat បានមានប្រសាសន៍ថា៖ «អ្នកទិញ និងអ្នកលក់កំពុងវាយតម្លៃផលប៉ះពាល់ ដែលអាចកើតមានពីការកើនឡើងការផ្គត់ផ្គង់អង្ករឥណ្ឌា និងមានភាពមិនច្បាស់លាស់ អំពីតម្លៃលក់ពិតប្រាកដរបស់ក្រុមហ៊ុននាំចេញអង្កររបស់ឥណ្ឌា»។
ការលុបចោលបម្រាមនាំចេញរបស់ឥណ្ឌា បានបង្កើនការផ្គត់ផ្គង់អង្ករសពិភពលោក រហូតដល់ទៅពី ៥ ទៅ ៦លានតោន។ អង្ករប្រភេទបាក់ ៥% របស់ប្រទេសថៃបានធ្លាក់ចុះមកត្រឹម ៥២០ដុល្លារក្នុងមួយតោនពី ៥៥០ ដុល្លារកាលពីសប្តាហ៍មុន។
ប្រទេសថៃរំពឹងថានឹងសម្រេចបានគោលដៅ នាំចេញអង្កររបស់ខ្លួនជាង ៨,៥លានតោននៅឆ្នាំនេះ និងរំពឹងនាំចេញបានតែ ៦លានតោនប៉ុណ្ណោះនៅឆ្នាំក្រោយ ខណៈដែលឥណ្ឌាព្យាករថានឹងផលិតបានរហូតដល់ ១៣៨លានតោន។ លោក Chookiat បាននិយាយថា តម្លៃនាំចេញអង្កររបស់ប្រទេសថៃ អាចធ្លាក់ចុះដោយសារមានការផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ ប៉ុន្តែការថយចុះនេះនឹងអាស្រ័យលើកត្តាមួយចំនួន។
យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ការនាំចេញអង្ករក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំ២០២៤ មានចំនួន ៦,៥៧លានតោន កើនឡើង ១,២៨លានតោន ឬ ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕