(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិក ត្រូវបានដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តនៅក្នុងខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះរួមមាន៖

ក៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ២,៥០៥កន្លែង។

ខ៖ ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៧០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧០៨កន្លែង

២៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឆ្លូង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន២៥១កន្លែង

៣៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង៣៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨,៩១៨កន្លែង

៤៖ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសសុវណ្ណភូមិក្នុងទុនវិនិយោគប្រមាណជាង៣៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន៥៨កន្លែង

៥៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន១,១៨៨កន្លែង

៦៖ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនក្នុងទុនវិនិយោគប្រមាណជាង២០លានដុល្លារ និងអាចបង្កើតការងារបានចំនួន៦៨៤កន្លែង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨.២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៩២% នៃទុនវិនិយោគសរុប៕