(ភ្នំពេញ)៖ វិស័យទេសចរណ៍កម្ពុជា បាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ ខណៈកម្ពុជា ក៏ជាគោលដៅ ទេសចរណ៍ ដ៏គួរឱ្យទាក់ទាញមួយ សម្រាប់អ្នកទេសចរ មកពីគ្រប់ទិសទី ក្នុងពិភពលោក នៅគ្រប់រដូវកាល។

ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា និង ជាអ្នកជំនួញក្នុងវិស័យទេសចរណ៍ បានជំរុញដល់ប្រតិបត្តិករ ឬក្រុមហ៊ុនទេសចរណ៍នៅកម្ពុជា គួរសិក្សាក្នុងការបង្កើតកញ្ចប់ទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរណ៍ពីបណ្តាប្រទេសនានាមកកម្ពុជា នៅគ្រប់រដូវកាល មិនថាតែរដូវកាល Low season ឬ High Season នោះទេ។

ជាទូទៅនៅកម្ពុជា គេបែងចែករដូវកាលទេសចរណ៍ជាពីរ គឺ រដូវខ្សត់ភ្ញៀវ ឬ Low Season ចាប់ពីខែមេសា ដល់កញ្ញា និង រដូវសំបូរភ្ញៀវ ឬ High Season ចាប់ពីខែតុលា ដល់ខែមីនា។

ឧកញ៉ា ស្រ៊ៀត មុំសុភា បានកត់សម្គាល់ថា នៅរដូវខ្សត់ភ្ញៀវ ឬ Low Season ហាក់មិនសូវមានប្រតិបត្តិករទេសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍ បង្កើតកញ្ចប់ទេសចរណ៍ សម្រាប់លក់ ឱ្យភ្ញៀវនោះទេ ភាគច្រើនធ្វើឡើងតែរដូវ រដូវសំបូរភ្ញៀវ ឬ High Season។

លោកស្រីចង់ឱ្យអ្នករកស៊ីក្នុងវិស័យនេះ គួរសិក្សាពីឱកាសក្នុងការទាក់ទាញទេសចរណ៍ ក្នុងរដូវកាល Low Season នេះ តាមរយៈការបង្កើតកញ្ចប់ទេសចរណ៍ ដែលជា ផ្នែកជំរុញឱ្យវិស័យទេសចរណ៍ និងអាជីវកម្មក្នុងវិស័យនេះកាន់តែរីកចម្រើន។

លោកស្រីបានលើកឡើងថា Low Season ជារដូវភ្លៀងធ្លាក់ មានទេសភាពស្រស់បំព្រង ដែលអាចជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរបាន ព្រោះក្រៅពីមានប្រាង្គប្រាសាទដ៏អស្ចារ្យ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ ធម្មជាតិដ៏ ស្រស់ បំព្រង គួរឱ្យ គយគន់ យើងក៏មានតំបន់ទេសចរណ៍បែបផ្សងព្រេង ដូចជាដើរព្រៃ ឡើងភ្នំ ជិះម៉ូតូ ជាដើម ដែលជាស្ថានភាពមួយ អ្នកទេសចរមួយចំនួនចូលចិត្ត។ កញ្ចប់ទេសចរណ៍បែបនេះ នៅបណ្តាប្រទេសមួយចំនួនបានធ្វើឡើងច្រើន ប៉ុន្តែនៅកម្ពុជា ហាក់មិនទាន់មានក្រុមហ៊ុនទេសចរណ៍ណាមួយបង្កើតកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវបរទេសនោះទេ៕

សូមទស្សនាការលើកឡើងបន្ថែម របស់ឧកញ៉ា ស្រ៊ៀត មុំសុភា ៖