(ប៉េកាំង)៖ ការលក់ផ្ទះនៅប្រទេសចិន បានកើនឡើង នៅអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យជាតិ បន្ទាប់ពីមានការដាក់ចេញនូវវិធានការលើកទឹកចិត្ត លើវិស័យអចលនទ្រព្យជាបន្តបន្ទាប់ ដើម្បីជំរុញទីផ្សារអចលនទ្រព្យរបស់ប្រទេស គិតចាប់តាំងពីចុងខែកញ្ញាមក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។
នៅទូទាំងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ លើពិភពលោកនេះ, គោលនយោបាយជាច្រើន ក្នុងនោះរួមទាំងការកាត់បន្ថយអត្រាការប្រាក់បង់រំលោះ និងអត្រាកម្ចីទិញផ្ទះ ត្រូវបានដាក់ចេញក្នុងឆ្នាំនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដោយកាលពីពេលមុន វិស័យនេះមានចំនួន១ភាគ៤ នៃសកម្មភាពសេដ្ឋកិច្ច។
អំឡុងពេលឈប់សម្រាក១សប្តាហ៍ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ, ចំនួននៃអ្នកដើរមើលផ្ទះ ដែលបង្ហាញពីចំណាប់អារម្មណ៍ចង់ទិញផ្ទះនោះ មានសញ្ញាកើនឡើង ស្របពេលដែលការលក់ផ្ទះ នៅទីកន្លែងជាច្រើន បានកើនឡើង «ក្នុងកម្រិតផ្សេងៗគ្នា»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV។
ទីក្រុងជាង៥០ បានដាក់ចេញនូវគោលនយោបាយ ដើម្បីបង្កើនទីផ្សារអចលនទ្រព្យ ស្របពេលដែលការអភិវឌ្ឍជិត២,០០០គម្រោង ពីក្រុមហ៊ុនអចលនទ្រព្យជាង១,០០០ក្រុមហ៊ុន បានចូលរួមនៅក្នុងការផ្សព្វផ្សាយ, នេះបើតាមការបញ្ជាក់ពីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ជនបទចិន។
ក្រសួងបានបន្ថែមថា ចំនួនអ្នកចូលមើលគម្រោងភាគច្រើន ដែលបានចូលរួមក្នុងការផ្សព្វផ្សាយ បានកើនឡើងជាង៥០ភាគរយ បើធៀបនឹងឆ្នាំមុន។
កាលពីខែមុន, ទីក្រុង Guangzhou ស្ថិតនៅភាគខាងត្បូងខេត្ត Guangdong បានប្រកាសដកការរឹតបន្តឹងទាំងអស់ លើការទិញផ្ទះ ខណៈទីក្រុង Shanghai និងទីក្រុង Shenzhen បានបញ្ជាក់ថា ពួកគេនឹងបន្ធូរបន្ថយការរឹតបន្តឹង លើការទិញផ្ទះ ដោយអ្នកទិញមិនមែនក្នុងស្រុក និងបន្ថយអត្រាការប្រាក់នៃការបង់រំលោះ ឱ្យមានកម្រិតទាប សម្រាប់អ្នកទិញផ្ទះលើកដំបូង។
វិធានការទាំងអស់នេះ ត្រូវបានប្រកាសឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីចិន បានប្រកាសដាក់ចេញនូវវិធានការលើកទឹកចិត្តធំបំផុតរបស់ខ្លួន គិតចាប់តាំងពីការរាតត្បាតពីវីរ៉ុស Covid-19 មក ដើម្បីទាញសេដ្ឋកិច្ច ចេញពីវិបត្តិ៕