(កូឡំបូ)៖ មេដឹកនាំថ្មីរបស់ប្រទេសស្រីលង្កាបានប្រកាន់ខ្ជាប់ទៅនឹងការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនក្នុងការកាត់បន្ថយពន្ធ និងការផ្តល់វិធានការបន្ធូរបន្ថយផ្សេងៗដល់ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំលើកដំបូងរបស់ប្រធានាធីបតីរូបនេះជាមួយមន្ត្រីមកពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចាប់តាំងពីចូលកាន់តំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានផ្លូវការមួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Anura Kumara Dissanayake ជាមេដឹកនាំឆ្វេងនិយមដែលបានឈ្នះការបោះឆ្នោតកាលពីពីរសប្តាហ៍មុនបាននិយាយថា លោកនៅតែប្តេជ្ញាចិត្តចំពោះគោលបំណងរួមនៃកម្មវិធីប្រាក់កម្ចីសង្គ្រោះចំនួន ៣ ពាន់លានដុល្លាររបស់មូលនិធិ IMF ប៉ុន្តែគោលបំណងទាំងនេះគួរតែត្រូវសម្រេចបាន «តាមរយៈមធ្យោបាយផ្សេងដែលសម្រាលបន្ទុករបស់ប្រជាជន»។ លោកបានជួបប្រជុំជាមួយក្រុមការងាររបស់មូលនិធិ IMF ដែលដឹកនាំដោយលោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ដែលជាកិច្ចប្រជុំថ្ងៃទីពីរកាលពីថ្ងៃសុក្រ។
លោក Dissanayake បាននិយាយថា រដ្ឋាភិបាលចង់ផ្តល់វិធានការបន្ធូរបន្ថយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារពន្ធតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលខ្ពស់ បន្ទាប់បានសន្យានៅយុទ្ធនាការបោះឆ្នោតថានឹងផ្តល់ការបន្ធូរបន្ថយពីវិធានការតឹងរ៉ឹងដែលបានចរចាដោយមេដឹកនាំមុនជាមួយមូលនិធិ IMF ដើម្បីទទួលបានថវិកាសង្គ្រោះពីមូលនិធិ IMF កាលពីឆ្នាំមុន។
មូលនិធិ IMF បាននិយាយថា ខ្លួនបើកចំហក្នុងការចរចាជាមួយរដ្ឋាភិបាលថ្មីរបស់ស្រីលង្កាជុំវិញមធ្យោបាយផ្សេងទៀតក្នុងការសម្រេចគោលដៅរបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យមូលនិធិ IMF អ្នកស្រី Julie Kozack បាននិយាយថា ការអនុវត្តវិធានការស្ថិតក្រោមលក្ខខណ្ឌថវិកាសង្គ្រោះរបស់ប្រទេសស្រីលង្កាមានភាពរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់កំពុងទទួលបានផ្លែផ្កា។
អ្នកស្រី Kozack បានមានប្រសាសន៍ថា៖ «ទោះជាយ៉ាងណា ដូចដែលយើងបាននិយាយពីមុនមក ភាពងាយរងគ្រោះសំខាន់ៗ និងភាពមិនច្បាស់លាស់នៅតែមាន ហើយនេះមានន័យថា ការរក្សាសន្ទុះកំណែទម្រង់គឺមានសារៈសំខាន់»៕