(ព្រុចសែល)៖ សហភាពអឺរ៉ុបកំពុងដំណើរការកិច្ចការឆ្ពោះទៅរកការដាក់ទណ្ឌកម្មលើប្រទេសអ៉ីរ៉ង់ដោយសារការផ្តល់មីស៊ីលបាល់លីស្ទិកទៅឱ្យប្រទេសរុស្ស៉ីសម្រាប់ធ្វើសង្គ្រាមនិងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលដឹងពីកិច្ចនេះថា វិធានការដំបូងនឹងដាក់ទណ្ឌកម្មដល់បុគ្គល និងអង្គភាពមួយចំនួន រួមទាំងក្រុមហ៊ុនវិស្វកម្ម ក្រុមហ៊ុនលោហធាតុ និងក្រុមហ៊ុនអាកាសចរណ៍។ ប្រភពដដែលបានបន្ថែមថា សហភាពអឺរ៉ុបមានគោលបំណងអនុម័តវិធានការនេះនៅពេលមេដឹកនាំសហភាពអឺរ៉ុបប្រមូលផ្តុំសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលនៅចុងខែនេះ។
យោងតាមការវាយតម្លៃរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប ប្រទេសអ៊ីរ៉ង់បានបញ្ជូនមីស៊ីលបាល់លីស្ទិកទៅឱ្យប្រទេសរុស្ស៊ីកាលពីខែមុន។ ការណ៍នេះបានជំរុញឱ្យមានការដាក់ទណ្ឌកម្មបឋមពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស។
ប្រទេសអ៊ីរ៉ង់ក៏បានផ្តល់ឱ្យទីក្រុងម៉ូស្គូនូវយន្តហោះប្រយុទ្ធគ្មានមនុស្សបើក (ដ្រូន) ចំនួនរាប់រយគ្រឿង និងសព្វាវុធផ្សេងទៀតក្នុងអំឡុងពេលសង្គ្រាមរយៈពេលពីរឆ្នាំកន្លះរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ប៉ុន្តែការផ្គត់ផ្គង់មីស៊ីលបាល់លីស្ទិកនេះគឺជាការលូកដៃកាន់តែចូលជ្រៅទៅក្នុងជម្លោះ។ ទោះជាយ៉ាងណា ទីក្រុងតេហេរ៉ង់បដិសេធការចោទប្រកាន់ពីការបញ្ជូនមីស៊ីលទៅប្រទេសរុស្ស៊ីនេះ។
ប្រភពដដែលដែលសុំមិនបង្ហាញអត្តសញ្ញាណបាននិយាយថា ការរឹតបន្តឹងនានារបស់សហភាពអឺរ៉ុបនឹងក្លាយជាការឆ្លើយតបដំបូងចំពោះការផ្តល់មីស៊ីលនេះ ហើយវិធានការបន្ថែមកំពុងត្រូវបានវាយតម្លៃ។ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទាមទារឱ្យមានការគាំទ្រពីរដ្ឋសមាជិកទាំងអស់ ហើយផែនការទាំងនេះអាចប្រែប្រួលមុនពេលដែលលេចចេញជារូបភាព។
ដោយឡែក អាមេរិកបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់សម្រាប់ការវាយប្រហារថ្មីៗរបស់ខ្លួនទៅលើប្រទេសអ៊ីស្រាអែល ហើយចង់ឱ្យប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដាក់ទណ្ឌកម្មអ៊ីរ៉ង់ដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕