(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានឱ្យដឹងថា លោកបានជួបជាមួយទេសាភិបាលធនាគារកណ្តាលថៃកាលពីថ្ងៃព្រហស្បតិ៍ និងបានពិភាក្សាអំពីបញ្ហាបំណុលគ្រួសារដែលមានកម្រិតខ្ពស់ និងតម្រូវការសាច់ប្រាក់ងាយស្រួល ខណៈបញ្ចុះបញ្ចូលឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះឱ្យរស់ឡើងវិញ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Pichai Chunhavajira ខណថ្លែងបន្ទាប់ពីបានជួបប្រជុំជាមួយទេសាភិបាលធនាគារកណ្តាលថៃលោក Sethaput Suthiwartnaruput ដែលមានរយៈពេលជិតពីរម៉ោងថា អត្រាការប្រាក់ទាបនឹងជួយបង្កើនសាច់ប្រាក់ងាយស្រួល និងជួយអ្នកដែលមានលទ្ធភាពទទួលបានឥណទានឱ្យទទួលបានប្រាក់កម្ចីថ្មីនៅពេលពួកគេមានភាពប្រសើរឡើងវិញ។
លោកបានមានប្រសាសន៍ថា៖ «យើងចង់មើលឃើញមានសាច់ប្រាក់ងាយស្រួលបន្ថែមទៀត ហើយធនាគារកណ្តាលមានការឯកភាពចំណុចនេះ»។ លោកបានបន្ថែមថា គ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសថៃមានបំណងគេចចេញពីហានិភ័យ។
ធនាគារកណ្តាលថៃកាលពីខែសីហាបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួនក្នុងកម្រិតខ្ពស់រយៈពេលមួយទសវត្សរ៍ក្នុងអត្រា ២,៥ភាគរយសម្រាប់កិច្ចប្រជុំ ៥លើកជាប់គ្នារហូតមកដល់ពេលនេះ ដែលប្រឆាំងនឹងការអំពាវនាវពីសំណាក់រដ្ឋាភិបាលឱ្យមានការកាត់បន្ថយអត្រាការប្រាក់។
លោក Pichai បាននិយាយថា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនឹងជួយលើកកម្ពស់លទ្ធភាពទទួលបានឥណទាន។ លោកមិនបាននិយាយអ្វីដែលទេសាភិបាលធនគារកណ្តាលបាននិយាយអំពីអត្រាការប្រាក់ក្នុងពេលប្រជុំនោះទេ។
ធនាគារកណ្តាលថៃបានបដិសេធធ្វើអត្ថាធិប្បាយអំពីអ្វីដែលត្រូវបានពិភាក្សា ខណៈពេលដែលការត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុនាដំណាក់កាលបន្ទាប់របស់ខ្លួននឹងធ្វើឡើងនៅថ្ងៃទី១៦ ខែតុលាខាងមុខ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អនុបាតបំណុលគ្រួសាររបស់ប្រទេសថៃធៀបនឹងផលិតផលក្នុងស្រុកសរុបមានអត្រា ៨៩,៦ភាគរយគិតត្រឹមដំណាច់ត្រីមាសទីពីរ ឬស្មើនឹងចំនួន ១៦,៣ពាន់ពាន់លានបាត (៥០៦,៥៣ពាន់លានដុល្លារ) ដែលស្ថិតក្នុងចំណោមកម្រិតបំណុលខ្ពស់បំផុតនៅទ្វីបអាស៊ី។
លោក Pichai បានបន្ថែមថា ក្រសួងហិរញ្ញវត្ថុនិងធនាគារកណ្តាលនឹងជួបប្រជុំគ្នាម្តងទៀតក្នុងខែនេះ ដើម្បីពិភាក្សាអំពីទិសដៅអត្រាអតិផរណាឱ្យបានលម្អិតបន្ថែមទៀត៕