(ភ្នំពេញ)៖ នៅរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែតុលានេះ។

នៅរយៈពេល ៩ខែមកនេះ ភ្ញៀវទេសចរចំនួន ៦៩៩ ៨៥០នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន៣០ភាគរយបើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។

ជាមួយគ្នានេះ គ្រឹះស្ថានអង្គរក៏បានលក់សំបុត្រជូនភ្ញៀវចំនួនជិត ១.៤ម៉ឺននាក់ សម្រាប់ចូលទស្សនាប្រាសាទកោះកែរ ទទួលបានចំណូលជាង ២០ម៉ឺនដុល្លារ និងលក់សំបុត្រជិះទូកនៅកំពង់ផែចុងឃ្នៀស បានចំណូលជាង ៥៥ម៉ឺនដុល្លារ។

សូមជម្រាបថា បើមិនមានអ្វីប្រែប្រួលនៅថ្ងៃទី៩ ខែតុលាខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេស ដែលចូលទស្សនារមណីយដ្ឋានអង្គរ, គ្រឹះស្ថានអង្គរនឹងដាក់ឱ្យដំណើរការម៉ាស៉ីនស្វ័យប្រវត្តិ លក់សំបុត្រជូនភ្ញៀវទេសចរ សម្រាប់ការទស្សនារយៈពេល ១ថ្ងៃ ខណៈសំបុត្រទស្សនា ៣ថ្ងៃ និង៧ថ្ងៃលក់នៅបញ្ជរដូចធម្មតា។

ជាមួយគ្នានេះ នៅដើមឆ្នាំ២០២៥ខាងមុខ គ្រឹះស្ថានអង្គរអាចនឹងប្តូរការលក់សំបុត្រ មិនលក់សម្រាប់រយៈពេល ១ថ្ងៃ, ៣ថ្ងៃ និង៧ថ្ងៃទៀតទេ នឹងលក់តាមក្រុមប្រាសាទវិញ ដោយញែកប្រាសាទជា ១៧ក្រុម និងធ្វើចំណាត់ថ្នាក់ (A B C D...) កំណត់តម្លៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរ ដែលគាត់ចង់មើលប្រាសាទណា គាត់ចំណាយតែប្រាសាទ ដែលគាត់ចង់មើល ហើយការកែប្រែនឹងក៏ងាយស្រួល ក្នុងការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅ តាមប្រាសាទផងដែរ។

បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារមានសុពលភាព១០ថ្ងៃ និង ៧ថ្ងៃ មានតម្លៃ ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ៕