(ភ្នំពេញ)៖ អស់រយៈពេល ២០ឆ្នាំហើយ ដែលកម្ពុជាបានក្លាយ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បន្ទាប់ពីការចរចាជាច្រើនឆ្នាំ ដែលធ្វើឱ្យកម្ពុជា ទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងជំរុញឱ្យផលិតផលក្នុងស្រុករបស់កម្ពុជា (GDP។
កម្ពុជាបានចូលជាសមាជិកជាផ្លូវការ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។
លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីកម្ពុជា បានចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖
១- ច្រកចូលទីផ្សារសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favord Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជា នូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត។
តាមរយៈការទទួលបានទីផ្សារ និងការអនុគ្រោះនេះ បានជំរុញឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាបានកើនឡើង ៥.៣ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០០៤ រហូតដល់ ២៩.៦១ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២២។
ចំណែកការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារអាមេរិក នៅឆ្នាំ២០០០ រហូតដល់ ៤.៩ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។
រីឯទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤.៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់រហូតដល់ ៤៦.៨២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២.៦៤ពាន់លានដុល្លារអាមេរិក ។
២- ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់៖ កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្ត នៅក្រោមអង្គការ WTO។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើនរួមមាន ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មីជាដើម។
៣- ការធ្វើពិពិទកម្មការនាំចេញ៖ កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិទកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួនដូចជា សំលៀកបំពាក់ និងវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
៤- ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើអោយប្រសើរឡើង នូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱមានប្រសិទ្ធភាព។
៥- ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល៖ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយ ក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
៦- ប្រព្រឹត្តិកម្មពិសេស និងដោយឡែក៖ ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួចមួយ កម្ពុជាទទួលផលពីបទប្បញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។
បន្ថែមលើនេះ កម្ពុជាទទួលបាន ច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាមេរិក ជាដើម។
៧- ការកាត់បន្ថយភាពក្រីក្រ៖ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។
៨- ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច៖ កម្ពុជាត្រូវបានគណៈកម្មាធិការ គោលនយោបាយអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញ ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះ តាំងពីឆ្នាំ១៩៩១។
ជាទូទៅសមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ការលើកស្ទួយវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្មនឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «អបអរសាទរខួបលើកទី២០ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក របស់កម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
ព្រឹត្តិការណ៍នេះ មានគោលបំណងរំលឹកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការខិតខំប្រឹងប្រែងចរចា ដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។
ឱកាសដ៏សំខាន់នេះនឹងកត់សម្គាល់នូវការធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍ហើយ ឆ្លុះបញ្ចាំងពីសមិទ្ធផលសេដ្ឋកិច្ចសង្គម និងវឌ្ឍនភាពសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ។ អមជាមួយព្រឹត្តិការណ៍នេះ ក៏នឹងមានការតាំងពិព័រណ៍នូវផលិតផលសំខាន់ៗ រូបថតប្រវត្តិសាស្ត្រ និងសក្ខីកម្មផ្សេងទៀតបង្ហាញ ជូនដល់អ្នកចូលរួមផងដែរ៕