(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃចន្ទសប្តាហ៍នេះបានឱ្យដឹងថា ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នភ្លាមៗរបស់ប្រទេសបង់ក្លាដែសបានជួយរក្សាស្ថិរភាពរបស់ប្រទេស ហើយអាជ្ញាធរថ្មីៗរបស់ប្រទេសនេះបានជួយដោះស្រាយកិច្ចការសេដ្ឋកិច្ចទោះបីជាបញ្ហាប្រឈមនៅតែមានក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិ IMF ថា ការពិនិត្យមើលរបស់បុគ្គលិកនៃមូលនិធិ IMF ដែលធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់បុគ្គលិកនៃមូលនិធិ IMF ពីថ្ងៃទី២៤ ដល់ទី៣០ ខែកញ្ញា ក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរបង់ក្លាដែសផងដែរក្នុងការកែសម្រួលសេដ្ឋកិច្ចក្នុងគ្រាមានបញ្ហាប្រឈមទាំងនោះដូចជាការថមថយសកម្មភាពសេដ្ឋកិច្ច ការកើនឡើងអតិផរណាពីរខ្ទង់ និងសម្ពាធលើប្រាក់បម្រុងរូបិយប័ណ្ណបរទេស។
បុគ្គលិករបស់មូលនិធិ IMF បានសរសេរថា៖ «ការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នទាន់ពេលវេលាបានជួយធ្វើឱ្យមានស្ថិរភាពស្ថានភាពនយោបាយនិងសន្តិសុខ ជំរុញឱ្យមានការវិលត្រឡប់មករកភាពប្រក្រតីវិញនៃសេដ្ឋកិច្ចបន្តិចម្តងៗ»។
ការពិនិត្យមើលរបស់មូលនិធិ IMF ធ្វើឡើងបន្ទាប់ពីម្ចាស់ជ័យលាភីណូបែលលោក Muhammad Yunus បានចូលកាន់តំណែងជាប្រធានាធីបតីក្នុងរដ្ឋាភិបាលបណ្តោះអាសន្នកាលពីខែមុនបន្ទាប់ពីមានការបណ្តេញនាយករដ្ឋមន្ត្រីអ្នកស្រី Sheikh Hasina ចេញពីតំណែងក្នុងគ្រាដែលមានការតវ៉ាដែលបណ្តាលឱ្យមានមនុស្សស្លាប់។
គណៈប្រតិភូរបស់សហរដ្ឋអាមេរិកក៏បានសន្យាផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចផងដែរបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបង់ក្លាដែសក្នុងខែកញ្ញា។
មន្ត្រីរបស់មូលនិធិ IMF បាននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តក្នុងការជួយប្រទេសនិងប្រជាជនបង់ក្លាដែស ហើយនឹងធ្វើការជាមួយអាជ្ញាធរនានាលើកំណែទម្រង់របស់ពួកគេដើម្បីពង្រឹងរបៀបវារៈសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕