(ប៉េកាំង)៖ រដ្ឋាភិបាលក្រុងប៉េកាំងជំរុញឱ្យក្រុមហ៊ុនចិនប្រើប្រាស់បន្ទះឈីបបញ្ញាសិប្បនិម្មិតដែលផលិតក្នុងស្រុកជំនួសឱ្យផលិតផលរបស់ក្រុមហ៊ុន Nvidia Corp. ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការពង្រីកឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន និងទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីកិច្ចការនេះថា និយតករចិនបាននិងកំពុងបន្ទុចបង្អាក់ក្រុមហ៊ុននានាមិនឱ្យទិញបន្ទះឈីបម៉ូដែល H20 របស់ក្រុមហ៊ុន Nvidia ដែលត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍនិងដំណើរការបច្ចេកវិទ្យាសិប្បនិម្មិត (AI)។ ប្រភពដដែលដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា គោលនយោបាយនេះគឺជាការណែនាំមិនមែនជាការហាមឃាត់ទាំងស្រុងទេ ដោយសារតែទីក្រុងប៉េកាំងចង់ជៀសវាងបង្កការអាក់ខានដល់ក្រុមហ៊ុនបង្កើតថ្មីក្នុងវិស័យ AI របស់ខ្លួន និងមិនចង់បង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក។

ប្រភពដដែលបានបន្ថែមថា វិធានការនេះត្រូវបានរៀបចំឡើងដើម្បីជួយក្រុមហ៊ុនផលិតបន្ទះឈីប AI ក្នុងស្រុករបស់ចិនឱ្យទទួលបានចំណែកទីផ្សារកាន់តែច្រើន ខណៈពេលដែលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកត្រៀមខ្លួនទៅនឹងការរឹតបន្តឹងបន្ថែមដែលអាចកើតមានណាមួយពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនផលិតឧបករណ៍ដំណើរការ AI ឈានមុខគេរបស់ប្រទេសចិនរួមមានក្រុមហ៊ុន Cambricon Technologies Corp. និងក្រុមហ៊ុន Huawei Technologies Co.។

នៅដើមឆ្នាំនេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានប្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកឱ្យទិញការផ្គត់ផ្គង់បន្ថែមទៀតពីក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកផងដែរ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ខ្លួនដើម្បីឈានទៅរកការសម្រេចបានស្វ័យគ្រប់គ្រាន់នៅក្នុងផ្នែកបច្ចេកវិទ្យាសំខាន់ៗ។

កាលពីឆ្នាំ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន Nvidia ពីការលក់ប្រព័ន្ធដំណើរការ AI បច្ចេកវិទ្យាកម្រិតខ្ពស់បំផុតរបស់ខ្លួនទៅឱ្យអតិថិជនចិន ដែលជាផ្នែកមួយនៃការប៉ុនប៉ងទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។ ក្រុមហ៊ុន Nvidia ដែលមានមូលដ្ឋាននៅទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា បានកែប្រែកំណែបន្ទះឈីបរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឱ្យបន្ទះឈីបទាំងនោះអាចលក់ចេញបានស្ថិតក្រោមបទប្បញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ បន្ទះឈីប H20 ជាប់ក្នុងលក្ខណៈវិនិច្ឆ័យរបស់ក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕