(ញូវដែលី)៖ ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានអនុញ្ញាតឱ្យនាំចេញឡើងវិញ នូវអង្ករសមិនមែនប្រភេទបាសម៉ាទី ខណៈពេលដែលស្តុកអង្ករ ក្នុងប្រទេសនាំចេញអង្ករធំជាងគេក្នុងពិភពលោកនេះកើនឡើង ហើយកសិករត្រៀមប្រមូលផល នៅរដូវថ្មីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកប្រភព ពីក្រុមពាណិជ្ជករថា ការនាំចេញអង្ករកាន់តែច្រើនពីប្រទេសឥណ្ឌា នឹងបង្កើនការផ្គត់ផ្គង់អង្ករសកល និងធ្វើឱ្យតម្លៃអន្តរជាតិធ្លាក់ចុះ ដែលបង្ខំឱ្យប្រទេសនាំចេញអង្ករសំខាន់ៗផ្សេងទៀតដូចជាប៉ាគីស្ថាន ថៃ និងវៀតណាមកាត់បន្ថយតម្លៃអង្ករ របស់ពួកគេ។
រដ្ឋាភិបាលក្រុងញូវដែលី បានកំណត់តម្លៃអប្បបរមាសម្រាប់ការនាំចេញអង្ករស មិនមែនប្រភេទបាម៉ាទីចំនួន ៤៩០ដុល្លារក្នុងមួយតោន។ ការកំណត់តម្លៃនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានកាត់បន្ថយពន្ធនាំចេញអង្ករស មកត្រឹមសូន្យភាគរយ។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងញូវដែលី ក្នុងការអនុញ្ញាតឱ្យឈ្មួញលក់អង្ករសមិនមែនប្រភេទបាសម៉ាទី នៅលើទីផ្សារពិភពលោកនេះ បានធ្វើឡើងបន្ទាប់ពីបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញលើអង្ករប្រភេទបាសម៉ាទី ដែលមានក្លិនក្រអូប និងអង្ករស្ងោរប្រភេទផ្សេងៗទៀត។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ឥណ្ឌាក៏បានកាត់បន្ថយពន្ធលើការនាំចេញអង្ករស្ងោពី ២០ភាគរយមកត្រឹម ១០ភាគរយ។
ស្តុកអង្ករនៅសាជីវកម្មស្បៀង ដែលជាក្រុមហ៊ុនរដ្ឋឥណ្ឌាគិតត្រឹមថ្ងៃទី១ ខែកញ្ញា មានចំនួន ៣២,៣លានតោន កើនឡើង ៣៨,៦% ធៀបនឹងឆ្នាំមុន ដែលផ្តល់ឱ្យរដ្ឋាភិបាលនូវលំហរគ្រប់គ្រាន់ ក្នុងការបន្ធូរបន្ថយវិធានការហាមឃាត់នាំចេញអង្ករ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕