(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ច្បាប់ថ្មីដែលស្នើឡើងដោយលោកប្រធានាធិបតី ចូ បៃឌិន ដើម្បីហាមឃាត់យានយន្តភ្ជាប់បច្ចេកវិទ្យា និងសុសវែរ (Software) និងហាដវែរ (Hardware) រថយន្តរបស់ចិន នៅក្នុងរថយន្តអាមេរិក អាចកាត់បន្ថយការលក់រថយន្ត របស់សហរដ្ឋអាមេរិក រហូតដល់ ២៥ ៨៤១គ្រឿងក្នុងមួយឆ្នាំ និងធ្វើឱ្យតម្លៃកើនឡើង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផ្សេងទៀត ដែលលក់នៅសហរដ្ឋអាមេរិក «ប្រហែលជាមានការប្រកួតប្រជែងតិចជាងមុន នៅក្នុងទីផ្សារពិភពលោក ដោយសារតែតម្លៃរថយន្តរបស់ពួកគេ កាន់តែខ្ពស់»

ក្រសួងបានបន្ថែមថា បទប្បញ្ញត្តិនេះ «អាចមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើតម្លៃរថយន្ត» ហើយការធ្លាក់ចុះការលក់រថយន្ត នឹងអាចមានចំនួនពី ១ ៦៨០ ទៅ ២៥ ៨៤១ គ្រឿងរៀងរាល់ឆ្នាំ ដោយសារតែច្បាប់នេះ។

ក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានប៉ាន់ប្រមាណផងដែរថា ច្បាប់នេះអាចប៉ះពាល់ដល់ការលក់រថយន្ត របស់ក្រុមហ៊ុនចិនឬរុស្ស៊ីនៅសហរដ្ឋអាមេរិកក្នុងតម្លៃពី ១,៥ពាន់លានដុល្លារទៅ ២,៣ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕