(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុម ហ៊ុនសហរដ្ឋអាមេរិក Otis McAllister ដើម្បីជំរុញការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិក និងធ្វើឱ្យអង្ករកម្ពុជាមានលទ្ធភាព ចែកចាយបានទូលំទូលាយទូទាំងសហរដ្ឋអាមេរិក ក្រោមស្លាកសញ្ញា «ផលិតនៅប្រទេសកម្ពុជា»។

នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៤ សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុម ហ៊ុន Otis McAllister តំណាងដោយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិក ឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ កម្ពុជានឹងផ្គត់ផ្គង់អង្ករដល់ក្រុមហ៊ុន Otis McAllister ចំនួន៥ពាន់តោនក្នុងមួយឆ្នាំ ដែលមានទំហំទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០២៤នេះ និងបង្កើនការផ្គត់ផ្គង់ជាបន្តបន្ទាប់ឱ្យបាន៣ម៉ឺនតោនក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។

ឧកញ៉ា សុង សារ៉ន បានលើកឡើងថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា កម្ពុជានឹងមានលទ្ធភាពក្នុងការចែកចាយអង្ករកម្ពុជាបានទូលំទូលាយនៅទូទាំងសហរដ្ឋអាមេរិក។ គិតត្រឹមខែកញ្ញានេះ កម្ពុជានាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកបានចំនួន៣ពាន់តោន មានកំណើនតិចតួច បើធៀបនឹងកាលពីឆ្នាំ២០២៣។ តែយ៉ាងនេះក្តី លោករំពឹងថា តាមរយៈ MOU នេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក នឹងហក់ឡើងខ្លាំង ដែលជាចូលរួមលើកកម្ពស់អង្ករក្រអូបប្រណិត គឺ ផ្ការំដួល អង្ករក្រអូប SKO និងអង្ករសរីរាង្គ។

លោកបន្តថា «សហរដ្ឋអាមេរិក មានប្រជាពលរដ្ឋខ្មែរ និងអាស៊ីជាច្រើនដែលរស់នៅ និងជាប្រទេសដែលមានពលរដ្ឋចម្រុះជាតិសាសន៍ ដែលពួកគាត់មានការពេញហូបអង្ករកម្ពុជា។ ទី២- អង្ករកម្ពុជាមានគុណភាពល្អ មានសុវត្ថិភាពមិនមានការប្រើប្រាស់ថ្នាំពុល ដែលធ្វើឱ្យពួកគាត់គ្មានការព្រួយបារម្ភ។ ទី៣- មានគាំទ្ររដ្ឋាភិបាលដើម្បីជំរុញបង្កើនកេរ្តិ៍អង្ករនៅលើឆាកអន្តរជាតិ »។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាសាក្សីក្នុងពិធីចុះអនុស្សារណៈ នេះ បានមានប្រសាសន៍ថា ការចុះអនុស្សារណៈនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរសហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀត ជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។

លោកបន្ថែមថា «បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ វត្តមានអង្ករក្រោមស្លាកសញ្ញា «ផលិតនៅប្រទេសកម្ពុជា» រំពឹងថានឹងមានចំនួនកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WalMart ជាដើម។

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤១២ ០២៣ តោនទទួលបានចំណូល ៣០៥លានដុល្លារ ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០៨ ២០៧ តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៣ ០៩៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេនជាដើម បានចំនួន ៤២ ៩២៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៦៩ លានដុល្លារសហរដ្ឋអាមេរិក ៕