(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។

យោងតាមចេញសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា «ក្នុងគោលបំណងរួមចំណែក ដល់ការរក្សាទំនុកចិត្តរបស់អតិថិជន ចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ៧ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ»។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កន្លងមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានដឹង និងបានអនុវត្តន៍រួចរាល់ហើយ អំពីការបង់ផ្ដាច់ពីអតិថិជននឹងត្រូវប្រគល់ទ្រព្យធានាដល់អតិថិជន ក្នុងរយៈពេល ៧ថ្ងៃនៃថ្ងៃធ្វើការ។ ដូច្នេះអ្វីដែលធនាគារជាតិនៃកម្ពុជា បានចេញសារាចរពេលនេះ ជាលក្ខខណ្ឌនៃច្បាប់បន្ថែមទៀតពីលើអ្វីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានដាក់ចេញជាយន្ដការផ្ទៃក្នុង​​ តាមរយៈការរៀបចំស្ដង់ដារកិច្ចសន្យាឥណទាន។

លោកបានបញ្ជាក់ថា ជាការពិតការដាក់ចេញសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជានេះ ធ្វើឡើង ដើម្បីរឹតបន្ដឹងច្បាប់ឲ្យកាន់តែរឹងមាំបន្ថែមទៀត ព្រោះថា កន្លងមកយើង ឬធ្លាប់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មួយចំនួនបានផ្ដល់ជូនត្រឡប់នូវទ្រព្យបញ្ចាំ ដល់អតិថិជនវិញមានការយឺតយ៉ាវ ដែលធ្លាប់មានបណ្ដឹងអំពីករណីនេះជាច្រើន នៅសមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា។

សូមជម្រាបថា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ បានដាក់ចេញស្តង់ដារ និង ខ ចែងកិច្ចសន្យាឥណទាន ដោយកំណត់ថា ការប្រគល់ឯកសារសម្គាល់ម្ចាស់កម្មសិទ្ធិ ឬឯកសារសម្គាល់សិទ្ធិកាន់កាប់លើទ្រព្យធានា ព្រមទាំងលិខិតរួចបំណុល ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទូទាត់សងផ្តាច់បំណុលជាស្ថាពរ ដោយមិនរាប់បញ្ចូលនូវរយៈពេលនៃការដោះបន្ទុក លើអចលនទ្រព្យ/បណ្ណកម្មសិទ្ធិជូនអតិថិជន។

បើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តន៍មិនបានត្រឹមត្រូវអាចប្តឹងមកកាន់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈលេខទូរស័ព្ទ៖ ០១៥ ៣៦៥ ២២២៕