(ភ្នំពេញ)៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាធនាគាររបស់រដ្ឋ បានសម្រេចកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួន ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជំរុញលទ្ធភាពទទួលបានឥណទាន នៃ «កម្មវិធីកម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប» ឲ្យកាន់តែមានប្រសិទ្ធភាព និងជំរុញការផ្តល់កម្ចីឱ្យកើនឡើង។

លក្ខខណ្ឌផ្តល់ឥណទាន ដែលបានកែសម្រួលរួមមាន ការបង្កើនទំហំឥណទានពី ៦០​ម៉ឺនដុល្លារអាមេរិក ទៅជាមិនកំណត់ទំហំឥណទាន និងបន្ធូរបន្ថយអត្រាការប្រាក់ប្រចាំឆ្នាំ​ដល់ ៤% សម្រាប់ឥណទានប្រាក់រៀល និង ៥.៥​% សម្រាប់ឥណទានប្រាក់ដុល្លារអាមេរិក ដែលមានទំហំរហូតដល់ ១លានដុល្លារអាមេរិក។ ចំណែកឥណទានប្រាក់ដុល្លារអាមេរិក ដែលមានទំហំធំលើសពី១លានដុល្លារអាមេរិក នឹងបញ្ចុះដល់ ៤.៥០%។ ទន្ទឹមគ្នា ធនាគារ ​SME ​ថែមទាំងបង្កើនរយៈពេលនៃកម្ចី រហូតដល់ ១០ឆ្នាំ។

ធនាគារ ​SME ​បានឱ្យដឹងផងដែរថា កម្មវិធីកម្ចីនេះ នឹងផ្តល់ការគាំទ្រដល់សហគ្រាស ឬអាជីវកម្មគោលដៅដែលបាន និងកំពុងធ្វើប្រតិបត្តិការ នៅខេត្តសៀមរាប ​ទោះចុះបញ្ជីនៅរាជធានី ឬខេត្តណាក៏ដោយ​ ដើម្បីបម្រើសេវាកម្មដោយផ្ទាល់ ឬប្រយោលជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា៖ ការផ្តល់បដិសណ្ឋារកិច្ច និងការកម្សាន្ត ដែលបម្រើដល់គោលដៅទេសចរណ៍, ការផ្គត់ផ្គង់ផលិតផល និងសេវាកម្មដែលគាំទ្រដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលគាំទ្រដល់វិស័យទេសចរណ៍។​

​លោកបណ្ឌិត លឹម អូន អគ្គនាយក SME Bank បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះថា ​​ការកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួននេះ នឹងធ្វើឱ្យសន្ទុះនៃការបញ្ចេញឥណទាន កើនឡើងជាងមុន ខណៈកន្លងមកការផ្តល់កម្ចី ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប មានភាពយឺតយ៉ាវ។

​សូមជម្រាបថា កាលពីចុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិកាបឋម៥០លានដុល្លារ សម្រាប់ផ្តល់ឥណទានដល់ប្រតិបត្តិករទេសចរណ៍ នៅខេត្តសៀមរាប ប្រកបដោយលក្ខខណ្ឌអនុគ្រោះ។ តាមរយៈកម្មវិធីកម្ចីនេះ សហគ្រាសក្នុងវិស័យគោលដៅ ស្ថិតនៅខេត្តសៀមរាប ដែលកំពុងបម្រើសេវាកម្មដោយផ្ទាល់ ជូនដល់ទេសចរជាតិ និងអន្តរជាតិដូចជា​ សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន អាជីវកម្មផលិត និង/ឬលក់វត្ថុអនុស្សាវរីយ៍ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ អាជីវកម្មអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្គត់ផ្គង់ផលិតផល និង/ឬសេវាកម្មដទៃទៀត ដែលគាំទ្រឧស្សាហកម្មទេសចរណ៍ ​អាចដាក់ស្នើសុំកម្ចីបាន។

តែទោះបីជាយ៉ាងណាក៏ដោយ ការផ្តល់ឥណទានក្នុងគម្រោងនេះ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានទំហំតិចតួចប៉ុណ្ណោះ។​ បើតាមលោកបណ្ឌិត លឹម អូន គិតមកទល់ពេលនេះទំហំឥណទាន​ដែលបានអនុម័ត មានទឹកប្រាក់ត្រឹមតែ ៥លានដុល្លារប៉ុណ្ណោះ និងកំពុងសិក្សា និងពិនិត្យទៅលើសំណើកម្ចីផ្សេងទៀតចំនួន ៤លានដុល្លារបន្ថែមទៀត។

លោកបានលើកឡើងថា ភាពយឺតយ៉ាវនៃការផ្តល់ឥណទាន ដល់ប្រតិបត្តិករក្នុងខេត្តសៀមរាបនេះ អាចមកពីមកពីម្ចាស់អាជីវកម្មមួយចំនួន មានភាពស្ទាក់ស្ទើរក្នុងការស្នើសុំកម្ចីបន្ថែម សម្រាប់យកទៅកែលម្អ និងពង្រីកអាជីវកម្មរបស់ខ្លួន ដោយសារវិស័យនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជានៅឡើយ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ​លើកឡើងថាការកែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទានមួយចំនួននេះ គឺជាការ​ជួយសម្រួលដល់ម្ចាស់អាជីវកម្ម ដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីវិបត្តិកូវីដ១៩ អាចទទួលបានកម្ចី ដោយសារតែកន្លងមក អ្នកដែលទទួលរងផលប៉ះពាល់ហាក់មិនសូវទទួលបានឥណទាននោះទេ។

លោកស្រីបន្ថែមថា «ការកែសម្រួលលក្ខខណ្ឌនេះ គឺអាចជួយពួកគាត់បានច្រើន ដើម្បីទទួលបាននូវកម្ចី ហើយគាត់អាចយកមកប្រើប្រាស់នៅក្នុងការពង្រីក និងពង្រឹងអាជីវកម្មរបស់គាត់ ក្នុងវិស័យទេសចរណ៍ ដើម្បីផលិតនូវផលិតផលនានា ជាសេវាកម្មថ្មីៗទៀត ដើម្បីទទួល និងបម្រើសេវាកម្មដល់ភ្ញៀវទេសចរ»។

ជុំវិញករណីនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាយល់ថា ​កែសម្រួល និងបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទាននេះ ​បានរួមចំណែកដល់​ការជំរុញ នូវកំណើនសេដ្ឋកិច្ច និងបង្កើតការងារបន្ថែម ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងខេត្តផ្សេងទៀត ដែលមានបម្រើទៅបម្រើការក្នុងវិស័យនេះ ប្រសិនបើប្រតិបត្តិករទេសចរណ៍យកកម្ចីនេះ ទៅអនុវត្តបានជោគជ័យ និងប្រើចំគោលដៅ។

តែយ៉ាងណាលោកលើកឡើងថា ការស្នើសុំកម្ចីពីម្ចាស់អាជីវកម្មទាំងនោះ ក៏អាស្រ័យទៅលើស្ថានភាពជាក់ស្តែង នៃភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកផងដែរ៕