(ភ្នំពេញ)៖ លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្ដក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី លើកឡើងពីសក្តានុពល ៥ ចំណុចរបស់តំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ល្អជាងប្រទេសជិតខាងដែលលអាចទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ពិចារណាមកបណ្តាក់ទុនវិនិយោគ។

លោកបានគូសបញ្ជាក់ថា សក្តានុពលទាំងនោះរួមមាន ដីសម្រាប់ដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម ,សំបូរទៅដោយធនធានរ៉ែ, មានហេដ្ឋារចនាសម្ព័ន្ធល្អទាំងផ្លូវគោក និងផ្លូវទឹកសម្រាប់ដឹកជញ្ជូនផលិតផល ព្រមទាំងស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិដែលងាយក្នុងការនាំចេញទំនិញទៅក្រៅប្រទេស។ លើសពីនេះ ថ្លៃកម្លាំងពលកម្មក៏ទាបជាងប្រទេសវៀតណាម។

លោក កែវ សុទ្ធារិទ្ធ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការ លើកកម្ពស់ ពាណិជ្ជកម្ម នៅ តំបន់ភូមិភាគឦសាន្ត»

លោកបានលើកឡើងបន្តថា បើទោះបីជា តំបន់ភូមិភាគឦសាន្តពោពេញដោយសក្តានុពលជាច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមគឺនៅខ្វះដើមទុន ដែលទាមទារនូវការទាក់ទាញវិនិយោគិនបន្ថែមទៀត។

ស្របពេលដែលតំបន់នេះកំពុងមានអភិវឌ្ឍន៍ជាលំដាប់ និងមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល លោកមើលឃើញថា នេះគឺជាឱកាសល្អសម្រាប់វិនិយោគិន ជាពិសេសគឺការវិនិយោគទៅលើរោងចក្រកែច្នៃផលិតផលកសិកម្ម សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ព្រោះ ប្រសិនបើមានការកែច្នៃនូវផលិតផលទាំងនោះ ឱ្យស្របតាមស្តង់ដាទីផ្សារ នឹងមិនខ្លះទីផ្សារនោះទេ៕

សូមទស្សនាការលើកឡើងបន្ថែមរបស់ លោក កែវ សុទ្ធារិទ្ធ៖