(ឡុងប៊ិច-រដ្ឋកាលីហ្វ័រញ៉ា)៖ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើក ជំនួបពាណិជ្ជកម្មអាមេរិក-កម្ពុជា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ថ្លែងសុន្ទរកថាដោយ លោកស្រី ហ្វ័រណា ម៉ា (Fiona Ma) ប្រធានរតនាគាររដ្ឋកាលីហ្វ័រញ៉ា ព្រមទាំងមានការអញ្ជើញចូលរួម ពីតំណាងអភិបាលក្រុងឡុងប៊ិច តំណាងអាជ្ញាធរពាក់ព័ន្ធ និង ធុរជនកម្ពុជានិងអាមេរិក សរុបជាង ១០០ នាក់។

ជំនួបពាណិជ្ជកម្មអាមេរិក-កម្ពុជា ឆ្នាំ២០២៤ បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ជំនួបពាណិជ្ជកម្មឆ្នាំនេះ មានក្រុមហ៊ុនកម្ពុជាជាង៥០ក្រុមហ៊ុន និងក្រុមហ៊ុនអាមេរិក ផ្នែកនាំចូល ចែកចាយនិងផ្សារទំនើប ជាច្រើនក្រុមហ៊ុន ក្នុងវិស័យម្ហូបអាហារ និង ផលិតផលកសិកម្ម បានអញ្ជើញចូលរួម និងជជែកពិភាក្សា ដើម្បីនាំផលិតផលកម្ពុជាចូលទីផ្សារអាមេរិក។

ថ្លែងក្នុងឱកាសនៃពិធីបើកជំនួបពាណិជ្ជកម្មនេះ បណ្ឌិត តាន់ មុនីវណ្ណ បានគូសបញ្ជាក់អំពីទំនាក់ទំនង សេដ្ឋកិច្ចដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ អំពីសក្តានុពលសម្រាប់ការរីកចម្រើន និងវិបុលភាពរួមគ្នា។

បណ្ឌិត បានជម្រាបជូនធុរជនអាមេរិក អំពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា ក្លាយជាប្រទេសដែលមាន កំណើនសេដ្ឋកិច្ចខ្ពស់ និងបានសមាហរណកម្មចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចសាកល។ បណ្ឌិតបានជំរុញលើកទឹកចិត្ត វិនិយោគិនអាមេរិក ចាប់ដៃគូពាណិជ្ជកម្ម និង ពិនិត្យលទ្ធភាពវិនិយោគដោយផ្ទាល់នៅកម្ពុជា។

បន្ទាប់ពី ពិធីបើកជំនួបពាណិជ្ជកម្ម ធុរជនកម្ពុជា បានចូលរួមស្តាប់ បទបង្ហាញស្តីពីនិន្នាការទីផ្សារ អនុលោមភាព បទប្បញ្ញត្តិ និង ប្រព័ន្ធភស្តុភារ ដែលជាព័ត៌មានគន្លឹះសម្រាប់ធុរជនកម្ពុជា ក្នុងការនាំផលិតផលចូលក្នុងទីផ្សារអាមេរិក ព្រមទាំងទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញអំពី ការត្រៀមលក្ខណៈ និងរៀបចំផលិតផលស្របតាមច្បាប់និង តម្រូវការទីផ្សារអាមេរិក។

ធុរជនកម្ពុជា និងអាមេរិក បានជួបពិភាក្សាគ្នាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពកិច្ច សហប្រតិបត្តិការរួម។ ផលិតផលកម្ពុជាដែលយកមកចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្មនេះរួមមាន៖ អង្គរ ម្រេច គ្រាប់ ស្វាយចន្ទី ដំណាប់ផ្លែឈើ ខ្ញី ដំឡូងជ្វា ត្រីងៀត ទឹកត្រី និង អំបិល៕