(ហ្សាការតា)៖ ចក្រភពអង់គ្លេសកាលពីថ្ងៃពុធបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសហការលើវិស័យរ៉ែសំខាន់ៗជាមួយប្រទេសឥណ្ឌូណេស៊ី ដែលជាជម្រកធនធានរ៉ែដ៏ធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហ្សាការតាដែលមិនបានបញ្ជាក់ព័ត៌មានលម្អិតថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់កិច្ចសន្ទនាគោលនយោបាយដែលការចែករំលែកចំណេះដឹង និងជំនាញបច្ចេកទេស និងគ្របដណ្តប់លើវិស័យនានាដូចជា ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដំណើរការកែច្នៃប្រកបដោយនិរន្តរភាព និងរ៉ែសំខាន់ៗ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេសអ្នកស្រី Anneliese Dodds បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសឥណ្ឌូណេស៊ីថា ភាពជាដៃគូនេះ «ជួយឱ្យប្រទេសទាំងពីរក្លាយជាជាតួអង្គសំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែដ៏សំខាន់»។
ឥណ្ឌូណេស៊ីមានកំណប់រ៉ែដ៏សម្បូរបែបដូចជាសំណប៉ាហាំង ទង់ដែង និងបុកស៊ីតជាដើម និងជាប្រភពរ៉ែនីកែលធំបំផុតក្នុងពិភពលោក។ ប្រទេសនេះកំពុងស្វែងរកការទាញយកតម្លៃបន្ថែមពីរ៉ែតាមរយៈការទាក់ទាញការវិនិយោគលើដំណើរការកែច្នៃ និងផលិតអាគុយរថយន្តអគ្គិសនី។
សេចក្តីប្រកាសនេះបានធ្វើឡើងរយៈពេលពីរខែបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានខិតចូលជិតប្រទេសឥណ្ឌូនេស៊ីតាមរយៈការចូលរួមក្នុងភាពជាដៃគូរ៉ែដ៏សំខាន់ពហុជាតិដែលមានបំណងពន្លឿនការអភិវឌ្ឍន៍ខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗប្រកបដោយនិរន្តរភាព។
កាលពីព្រឹកថ្ងៃពុធ អ្នកស្រី Dodds បានប្រាប់រ៉យទ័រថា កិច្ចព្រមព្រៀងរបស់ចក្រភពអង់គ្លេសជាមួយប្រទេសឥណ្ឌូណេស៊ី មានគោលបំណងបង្កើតការងារក្នុងស្រុក និងការពារបរិស្ថាន រួមទាំងការខូចខាតដែលបង្កើតឡើងការជីកយករ៉ែ ដោយអ្នកស្រីហៅភាពជាដៃគូនេះថា «មានសារៈសំខាន់ខ្លាំង»៕