(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកក្នុងការកាត់បន្ថយអត្រាការប្រាក់ក្នុងសប្តាហ៍នេះគឺជា «សញ្ញាវិជ្ជមានខ្លាំង» សម្រាប់សេដ្ឋកិច្ចអាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ការលើកឡើងរបស់អ្នកស្រី Yellen បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានសម្រេចកាត់បន្ថយអត្រា ០,៥ភាគរយ ដែលជាការទម្លាក់ការប្រាក់លើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០មក នៅពេលដែលអតិផរណាបានថយចុះ។
អ្នកស្រី Yellen ត្រូវបានទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្តីខណៈថ្លែងនៅព្រឹត្តិការណ៍មួយនៅទីក្រុងវ៉ាស៊ីនតោនថា៖ «វាឆ្លុះបញ្ចាំងពីទំនុកចិត្តលើធនាគារកណ្តាលថា អតិផរណាបានធ្លាក់ចុះ ហើយកំពុងស្ថិតនៅលើផ្លូវត្រឡប់ទៅរកគោលដៅ ២% វិញ និងថា ហានិភ័យទាក់ទងនឹងអតិផរណាពិតជាបានថយចុះយ៉ាងខ្លាំង»។
អ្នកស្រីបានបន្តថា៖ «ទន្ទឹមនឹងនេះ យើងមានទីផ្សារការងារដែលនៅតែរឹងមាំ»។ អ្នកស្រី Yellen បានបន្ថែមថាការទម្លាក់អតិផរណាដោយជោគជ័យក្នុងបរិបទនៃទីផ្សារការងារដ៏រឹងមាំ គឺជា «អ្វីដែលយើងកំពុងមើលឃើញនៅក្នុងសេដ្ឋកិច្ច»។
ការអត្ថាធិប្បាយរបស់អ្នកស្រីបានកើតមានឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់កាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិកគឺជាការឆ្លើយតបទៅនឹងសេដ្ឋកិច្ច «ដ៏អាក្រក់ណាស់» បើមិនដូច្នេះទេ វាគឺជា «ល្បែងនយោបាយ»។
អត្រាការប្រាក់កាន់តែទាបធ្វើឱ្យការចំណាយលើការខ្ចីប្រាក់ធ្លាក់ចុះ ហើយអាចត្រូវបានមើលឃើញថាមានប្រយោជន៍ដល់រដ្ឋាភិបាលបច្ចុប្បន្ននៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ដោយអនុប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្នគឺអ្នកស្រី Kamala Harris គឺជាបេក្ខភាពប្រធានាធីបតីមកពីគណបក្សប្រជាធិបតេយ្យ។
ប៉ុន្តែប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell បានសង្កត់ធ្ងន់បន្ទាប់ពីបានប្រកាសពីការកាត់បន្ថយអត្រាការប្រាក់ថា៖ «យើងមិនបម្រើអ្នកនយោបាយណាមួយ ឥស្សរជននយោបាយណាម្នាក់ បុព្វហេតុណាមួយ និងបញ្ហាណាមួយឡើយ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕