(ភ្នំពេ​ញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ និងវិនិយោគិន ​ជំរុញសន្ទុះនៃការប្រើប្រាស់​យានយន្តអគ្គិសនី និងវិនិយោគលើវិស័យនេះ ​​ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ​ខណៈ​រាជរដ្ឋាភិបាលមានចក្ខុវិស័យជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យដល់ជាង ៧០ម៉ឺនគ្រឿង នៅត្រឹម​ឆ្នាំ២០៣០។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលនយោបាយជាតិ​ស្តីពី ការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក រស់ សីលវ៉ា បានថ្លែងថា ​ក្នុងទិដ្ឋភាពធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត និងក្នុងនាមជាក្រសួងទទួលបន្ទុកអនុវត្ត វិធានការមួយចំនួននៃគោលនយោបាយជាតិនេះ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តចូលរួម សហការអនុវត្តវិធានការគោលនយោបាយ ដោយផ្តោតសំខាន់លើការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ និងវិនិយោគិន ដើម្បីជំរុញសន្ទុះនៃការប្រើប្រាស់ និងបង្កើនការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីនៃ វិស័យយានយន្តអគ្គិសនី ដោយឈរលើអភិក្រមរក្សាបាននូវចីរភាពនៃហិរញ្ញវត្ថុសាធារណៈ និង ចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ។

លោកបន្ថែមថា ការចូលរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងមានភាពពាក់ព័ន្ធច្រើន ទៅនឹងការពិនិត្យលទ្ធភាពផ្តល់ការលើកទឹកចិត្ត សម្រាប់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលសាធារណៈ​ ការវិនិយោគក្នុងការដំឡើង និងផលិតគ្រឿង បង្គំយានយន្តអគ្គិសនី និងឈានដល់ការលើកទឹកចិត្តដល់ការវិនិយោគលើរោងចក្រកែច្នៃសំណល់ យានយន្តអគ្គិសនី និងសំណល់អាគុយផងដែរ ។

លោកបានលើកឡើងថា​ទៀតថា គោលនយោបាយជាតិ​ស្តីពី ការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ​ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងជំរុញការប្រើប្រាស់និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទាំងមូល ជាពិសេសផ្តោតលើទិដ្ឋភាពគន្លឹះសំខាន់ៗ ដូចជា៖ ១)- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រួមទាំងស្ថានីយបញ្ចូលថាមពលនិងបណ្តាញតភ្ជាប់ដែលឈានដល់ការប្រើប្រាស់បច្ចេកវិទ្យា 5G, ២)- ការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់នៃគ្រឿងបង្គំយានយន្ត រួម ទាំងអាគុយ, ៣)- ការរៀបចំយន្តការលើកទឹកចិត្តដើម្បីជំរុញវិស័យនេះ, ៤)- ការបញ្ជាបការយល់ដឹងដល់អ្នកប្រើប្រាស់ និង ៥)- ការគ្រប់គ្រងសំណល់។

យ៉ាងណាមិញ, ថ្វីត្បិតគោលនយោបាយនេះត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល ការវិនិយោគលើវិស័យនេះនៅតែពឹងផ្អែកជាចម្បងលើវិស័យឯកជនជាអ្នកដឹកនាំ ខណៈដែលរាជរដ្ឋាភិបាលនឹងដើរតួយ៉ាងសំខាន់ ក្នុងការធានាឱ្យបាននូវស្តង់ដាគុណភាព និងសុវត្ថិភាព, ការផ្តល់ការលើកទឹកចិត្ត ព្រមទាំងការកាត់បន្ថយហានិភ័យដែលអាចកើតមាន។

លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់យានយន្តមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយភាគច្រើនជាយានយន្តប្រើប្រេងឥន្ធនៈផូស៊ីល។

លោកបន្តថាក្នុងស្មារតីរួមចំណែកដោះស្រាយបញ្ហានៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ដែលបំភាយចេញពីវិស័យដឹកជញ្ជូន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដោយបានធ្វើការផ្សព្វផ្សាយ បញ្ជាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី និងបានរៀបចំការតាំងពិពណ៌ អំពីយានយន្តអគ្គិសនីជាបន្តបន្ទាប់។ ​

យោងតាមទិន្នន័យរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន គិតត្រឹមខែសីហា ឆ្នាំ២០២៤ យានយន្តដែលបានចុះបញ្ជីមានចំនួនសរុប ៧,៥៤២,៥៦២ គ្រឿង ក្នុងនោះទោចក្រយានយន្ត និងត្រីចក្រយានយន្តមានចំនួន ៦,៤០៥,៤៧២ គ្រឿង, រថយន្តធុនស្រាល មានចំនួន ៨៣៧,១៩៥ គ្រឿង និងរថយន្តធុនធ្ងន់ មានចំនួន ២៩៩,៨៩៥ គ្រឿង។ ក្នុងនោះផងដែរ មានយានយន្តអគ្គិសនីសរុប ៣,៦៧៦ គ្រឿង រថយន្តមានចំនួន ២,១០៩ គ្រឿង ត្រីចក្រយានយន្ត ចំនួន ៤៤៥ គ្រឿង និងទោចក្រយានយន្តចំនួន ១,១២២ គ្រឿង។

តាមរយៈ «គោលនយោបាយជាតិ​ស្តីពី ការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» កម្ពុជាមានចក្ខុវិស័យប្រែក្លាយ​ជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុង កម្រិតសុភបរមា និងការសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់វិស័យយានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាពនិងភាពបត់បែនតាមការវិវត្តរបស់បច្ចេកវិទ្យា, គោលនយោបាយនេះបានកំណត់នូវគោលដៅច្បាស់លាស់ត្រឹមឆ្នាំ ២០៣០ ឱ្យសម្រេចបានការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធសរុបចំនួន ៣០ ០០០គ្រឿង, ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុបចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុបចំនួន ២០ ០០០គ្រឿង ព្រមទាំងដាក់
ចេញកញ្ចប់វិធានការគោលនយោបាយគន្លឹះៗ ក្នុងន័យជំរុញការប្រើប្រាស់ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី ក៏ដូចជាការការពារបរិស្ថាន ដោយមានការកំណត់ក្រសួង ស្ថាប័នទទួលខុសត្រូវអនុវត្តច្បាស់លាស់ នៅក្នុងក្របខ័ណ្ឌពេលវេលាជាក់លាក់​៕