(សិង្ហបុរី)៖ ទិន្នន័យចុងក្រោយបានបង្ហាញកាលពីថ្ងៃអង្គារថា ទីផ្សារការងារនៅប្រទេសសិង្ហបុរីបានបន្តកើនឡើងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដោយកំណើននេះកើតមានឡើងទាំងស្រុងដោយសារការងាររបស់ជនបរទេស។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងថាមពលសិង្ហបុរីខណៈថ្លែងថា កំណើនការងារនេះកើតឡើងនៅពេលដែលអត្រាកំណើនការងារសម្រាប់ពលរដ្ឋសិង្ហបុរីត្រូវបានរំពឹងថានឹងថយចុះក្នុងរយៈពេលវែង។

កាសែត Channel News Asia បានរាយការណ៍ទៀតថា ការងារសរុបបានកើនឡើងចំនួន ១១ ៣០០កន្លែងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ ចំនួននេះមានច្រើនជាងទ្វេដងនៃកំណើនការងារចំនួន ៤ ៧០០នៅក្នុងត្រីមាសទីមួយ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតស្តីពីទីផ្សារការងារប្រចាំត្រីមាសរបស់ក្រសួងការងាររបស់សិង្ហបុរី។

ការងារដែលធ្វើដោយពលរដ្ឋសិង្ហបុរី ឬហៅថាការងារនិវាសនជនបានធ្លាក់ចុះ ៦០០កន្លែង ខណៈពេលដែលការងារដែលធ្វើដោយជនបរទេស ឬហៅថាការងារអនិវាសនជនកើនឡើង ១២ ០០០កន្លែង ដែលនាំឱ្យកំណើនការងារប្រចាំត្រីមាសទី២ នេះកើតមានឡើងទាំងស្រុងដោយសារការងារអនិវាសនជន។

ជារួមនៅក្នុងឆមាសទីមួយឆ្នាំ២០២៤ ការងារសរុបបានកើនឡើងចំនួន ១៦ ០០០កន្លែង ដោយកើនឡើងទាំងការងារនិវាសនជននិងការងារអនិវាសនជន។

ការងារអនិវាសនជនត្រូវបានជំរុញដោយកំណើនអ្នកកាន់ប័ណ្ណការងារក្នុងវិស័យសំណង់និងផលិតកម្ម។ ក្រសួងការងារសិង្ហបុរីបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការងារទាំងនេះភាគច្រើនជាតួនាទីមានជំនាញទាប ដែលជាធម្មតាត្រូវបានបំពេញដោយអនិវាសនជនដែល «និវាសនាជនមិនមានបំណងចង់ធ្វើការនៅក្នុងការងារទាំងនេះ»៕