(បាងកក)៖ រដ្ឋាភិបាលថៃកំពុងគាំទ្រលោក Kittiratt Na-Ranong ដែលជាអ្នករិះគន់គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ និងជាអ្នកស្មោះត្រង់របស់គណបក្សកាន់អំណាចឱ្យធ្វើជាប្រធានថ្មីរបស់ធនាគារកណ្តាល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីពីប្រភពដែលដឹងពីកិច្ចការនេះ តែបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញព័ត៌មាននេះជាសាធារណៈថា ក្រសួងហិរញ្ញវត្ថុថៃបានស្នើលោក Kittiratt សម្រាប់មុខតំណែងប្រធានធនាគារកណ្តាលជំនួសលោក Porametee Vimolsiri ដែលនឹងបញ្ចប់អាណត្តិនៅចុងខែនេះ។
ប្រភពដដែលបាននិយាយថា គណៈកម្មាធិការជ្រើសរើសបេក្ខជនក៏បានស្នើឱ្យធនាគារកណ្តាលថៃពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយលើលក្ខណៈសម្បត្តិរបស់លោក Kittiratt ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ និងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និងបេក្ខជនពីររូបផ្សេងទៀតដែលត្រូវបានតែងតាំងដោយធនាគារកណ្តាល។ កន្លងមក ទីភ្នាក់ងារព័ត៌មានរ៉យទ័រក៏បានរាយការណ៍ពីការតែងតាំងលោក Kittiratt ផងដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pichai Chunhavajira បានបដិសេធធ្វើអត្ថាធិប្បាយអំពីការជ្រើសរើសប្រធានថ្មីរបស់ធនាគារកណ្តាលកាលពីថ្ងៃអង្គារដោយនិយាយថា ធនាគារកណ្តាលកំពុងពិនិត្យមើលបេក្ខជន។ លោក Sathit Limpongpan ដែលជាប្រធានគណៈកម្មការជ្រើសរើសបេក្ខជនបាននិយាយថា លោកមិនបានឃើញឈ្មោះបេក្ខជនទាំងនេះទេដោយសារដំណើរការនេះតម្រូវឱ្យមានការវាយតម្លៃពីធនាគារគណ្តាលជាមុន។ លោកSathit រំពឹងថា គណៈកម្មការជ្រើសរើសនឹងធ្វើការសម្រេចចិត្តនៅពាក់កណ្តាលខែតុលា។
បើទោះជាប្រធានធនាគារគណ្តាលថៃមិនមានអំណាចក្នុងការកំណត់គោលនយោបាយរូបិយវត្ថុក៏ដោយ ក៏តួនាទីនេះអាចវាយតម្លៃការអនុវត្តការងាររបស់ទេសាភិបាលធនាគារកណ្តាល និងមានសំឡេងមួយសំឡេងនៅក្នុងគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុដែលមានសមាជិកប្រាំពីររូប ដែលដឹកនាំដោយលោក Sethaput Suthiwartnaruput។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕