(ប៊ែកឡាំង)៖ រថយន្តអគ្គិសនីប្រើថ្ម (BEVs) ដែលបានលក់នៅក្នុងសហភាពអឺរ៉ុប គ្រោងនឹងកើនសរុបក្នុងចំណែកទីផ្សារ ចម្លោះពី២០ទៅ២៤ភាគរយ នៅត្រឹមឆ្នាំ២០២៥, ភាគច្រើនដោយសារតែតម្លៃលក់ថោក។ នេះបើយោងតាមការបង្ហាញពីក្រុមយុទ្ធនាការដឹកជញ្ជូន និងបរិស្ថាន (T&E) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ការលក់រថយន្តអគ្គិសនី នៅអឺរ៉ុប បានមានភាពយឺតជាង ក្នុងប៉ុន្មានខែចុងក្រោយនេះ, កើនឡើងដល់១៤ភាគរយ ក្នុងចំណែកទីផ្សារ ក្នុងឆមាសទី១ឆ្នាំនេះ។ មួយផ្នែកដោយសារតែការបង្វែរគោលនយោបាយ លើការលើកទឹកចិត្តបៃតងនៅទូទាំងតំបន់អឺរ៉ុប ខណៈដែលនិយតករ កំពុងស្វែងរកការការពារឧស្សាហកម្មរបស់សហភាពអឺរ៉ុប តាមរយៈការដាក់ពន្ធយ៉ាងច្រើន លើរថយន្តរបស់ចិន។

អាល្លឺម៉ង់ ដែលជាទីផ្សាររថយន្តអគ្គិសនីធំជាងគេបំផុត នៅសហភាពអឺរ៉ុប ក្នុងខែកញ្ញានេះ បានដាក់ចេញការលើកទឹកចិត្ត ដើម្បីបង្កើនល្បឿននៃការផ្លាស់ប្តូរ មកប្រើប្រាស់ថាមពលបៃតង។

T&E ដែលកាលពីខែមិថុនា បានព្យាករណ៍ថា នឹងមាន២១ភាគរយ ក្នុងចំណែកទីផ្សារ នៅឆ្នាំក្រោយ ហើយរំពឹងថា ការលក់នឹងមានការកើនឡើង។

T&E បានឱ្យដឹងថា ការព្យាករណ៍ថ្មីរបស់ខ្លួន ដោយផ្អែកទៅលើការរំពឹងទុក នៃការមកដល់ក្នុងឆ្នាំ២០២៤ និង២០២៥ នៃម៉ូឌែលរថយន្តអគ្គិសនីពេញលេញថ្មី ចំនួន៧ម៉ូឌែល មានតម្លៃក្រោម២៥,០០០អឺរ៉ូ (២៧,៨៣៥ដុល្លារ) នឹងមានចំនួនចម្លោះពី១០ទៅ១៥ភាគរយ នៃចំណែកទីផ្សាររថយន្តអគ្គិសនី នាឆ្នាំក្រោយ៕