(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships-PPP) បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដោយដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញបន្ថែម នូវតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រយោជន៍សារធារណៈ និងជួយលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាការធ្វើពាណិជ្ជកម្ម។

លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន បានលើកឡើងថា តាមរយៈជាដៃគូរនេះ ភាគីរដ្ឋ និងឯកជនក៏អាចរួមគ្នាក្នុងការខ្ចីហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍន៍រួមគ្នាផងដែរ។

លោកបានពន្យល់ថា នៅឆ្នាំ២០៥០ កម្ពុជានឹងចាកផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានចំណូលខ្ពស់ដែលនឹងធ្វើឱ្យកម្ពុជា បាត់បង់ហិរញ្ញប្បទានសម្បទានបន្តិចម្តងៗ ដូច្នេះហើយ ការប្រើប្រាស់ គម្រោង PPP នេះនឹងជួយបំពេញបន្ថែមនូវការបាត់បង់នោះ ជាពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោកបានបន្ថែមថា ក្នុងដំណាក់កាលនៃការរៀបចំគម្រោងដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងPPP កិច្ចសន្យាដែលរាជរដ្ឋាភិបាលចុះជាមួយដៃគូរឯកជន អាចមានលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាននៅក្នុងគម្រោងPPP ដោយសារជាគម្រោងធំ។ លើសពីនេះទៅទៀត នៅក្នុងកិច្ចសន្យាគម្រោង PPP ដែលចែងពីការផ្ទេរសិទ្ធិ និងកាតព្វកិច្ចមួយចំនួនរបស់រដ្ឋទៅដល់ឯកជន ហេតុនេះហើយវិស័យឯកជន អាចមានលទ្ធភាពយកកិច្ចសន្យានេះទៅខ្ចីបំណុលពីធនាគារបានផងដែរ។

ជាមួយគ្នា លោកបានឱ្យដឹងផងដែរថា ក្រសួងសេដ្ឋកិច្ចមាន MOU ជាមួយដៃគូរអន្តរជាតិជាច្រើន ដើម្បីបង្ហាញពីគម្រោងសំខាន់ៗរបស់កម្ពុជា ក្នុងគោលដៅទាក់ទាញវិនិយោគិនបរទេសដែលចាប់អារម្មណ៍ចូលរួម វិនិយោគរួមគ្នាជាមួយរាជរដ្ឋាភិបាល។

សូមជម្រាបថា អត្ថប្រយោជន៍ចម្បងៗ នៃយន្តការ PPP នេះរួមមាន៖
១៖ ការប្រើប្រាស់ទុនវិនិយោគពីដៃគូឯកជន៖ យន្តការ នេះ អនុញ្ញាតឱ្យភាគីរដ្ឋអាចគៀងគរធនធានពីវិស័យឯកជន ដើម្បីផ្តល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយសារគម្រោងទាំងនោះភាគច្រើន មានទំហំទុនវិនិយោគធំ ស្របពេលដែលធនធានរបស់វិស័យសាធារណៈមានកំណត់។

២៖ ប្រសិទ្ធភាព និងនវានុវត្តន៍៖ ជាធម្មតា សម្រាប់យន្តការ PPP ដៃគូឯកជននាំមកនូវនវានុវត្តន៍ ជំនាញ និងប្រសិទ្ធភាព ពាក់ព័ន្ធនឹងការរចនាប្លង់, ការសាងសង់ និងការធ្វើប្រតិបត្តិការគម្រោង ដែលអាចជួយសន្សំសំចៃថ្លៃទុនវិនិយោគ និងលើកកម្ពស់គុណភាពសេវាសាធារណៈ។

៣៖ ការចែករំលែកហានិភ័យ៖ មានការបែងចែកហានិភ័យរវាងភាគីរដ្ឋ និងដៃគូឯកជន ដោយភាគីដែលអាចគ្រប់គ្រងហានិភ័យបានល្អបំផុត មានភារៈទទួលបន្ទុកនូវហានិភ័យនោះ តាមការបែងចែកនៅក្នុងកិច្ចសន្យា PPP។

៤៖ ការអនុវត្តគម្រោងអាចប្រព្រឹត្តទៅបានលឿន៖ ការចូលរួមរបស់ដៃគូឯកជនអាចពន្លឿនដំណើរការគម្រោងតាមកាលវិភាគច្បាស់លាស់ ដែលអាចឱ្យសាធារណជនទទួលបានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈកាន់តែឆាប់រហ័ស។

៥៖ សេវាសាធារណៈដែលប្រសើរជាងមុន៖ តាមរយៈយន្តការ PPP នេះ ភាគីរដ្ឋអាចកែលម្អគុណភាព និងលទ្ធភាពទទួលបាននូវសេវាសាធារណៈមួយចំនួន មានដូចជា ការថែទាំសុខភាព, ការអប់រំ និងការដឹកជញ្ជូន ជាដើម៕