(កូឡុំប៊ូ)៖ សេដ្ឋកិច្ចប្រទេសស្រីលង្ការ បានកើនឡើង៤.៧ភាគរយ គិតចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមទិន្ន័យផ្លូវការ បានបង្ហាញនៅថ្ងៃសុក្រនេះ ខណៈប្រទេសនេះ ខណៈប្រទេសដែនកោះមួយនេះ បានរីកចម្រើនក្នុងការងើបឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
វិស័យកសិកម្មរបស់ស្រីលង្ការ បានកើនឡើង១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន, ទិន្នផលឧស្សាហកម្ម បានកើនឡើង១០.៩ភាគរយ និងសេវាកម្មបានកើនឡើង២.៥ភាគរយ។ នេះបើតាមនាយកដ្ឋានជំរឿន និងស្ថិតិរបស់ស្រីលង្ការ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
នាយកដ្ឋានដដែល បានបញ្ជាក់ថា តម្លៃថាមពល និងឥន្ធនៈទាប, ការរឹតបន្តឹងការនាំចូល, ការធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ និងការផ្ទេរប្រាក់ បានរួមចំណែក ដល់ការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៃសេដ្ឋកិច្ចជាតិ។
ក្រុមអ្នកវិភាគបានឱ្យដឹងថា សេដ្ឋកិច្ចស្រីលង្ការ បាននិងកំពុងងើបឡើងវិញ បន្ទាប់ពីទទួលបានថវិកាសង្ក្រោះចំនួន២.៩ពាន់លានដុល្លារអាម៉េរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា ឆ្នាំមុន ហើយកំពុងស្ថិតនៅលើគោលដៅ ឈានទៅសម្រេចគោលដៅកំណើន៣ភាគរយ បន្ទាប់ពីគម្លាត២ឆ្នាំ។
សូមជម្រាបថា ស្រីលង្ការ នឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅថ្ងៃទី២១ ខែកញ្ញាខាងមុខ ជាមួយអ្នកឈ្នះ នឹងមានការងារត្រូវអនុវត្តកំណែទម្រង់ដ៏តឹងតែង ស្ថិតក្រោមកម្មវិធី IMF ក្នុងនោះរួមទាំងការតម្លើងពន្ធ និងការធ្វើឱ្យល្អប្រសើរឡើងវិញ នូវក្រុមហ៊ុនរដ្ឋដែលខាតបង់ផងដែរ៕