(ភ្នំពេញ)៖ លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពីសក្ដានុពលសំខាន់ៗនៃយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន (PPP) ដែលជំរុញឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងនោះកម្ពុជាត្រូវបង្កើតចំណូលប្រជាជន បង្កើតការវិនិយោគ មានការចូលរួមពីវិស័យឯកជន អភិវឌ្ឍន៍វិស័យសង្គមកិច្ច វិស័យអប់រំ ជំរុញសន្ទុះអភិវឌ្ឍន៍ធនធានមនុស្ស។

ការលើកឡើងរបស់លោក ឱម ម៉ាក់ធារិទ្ធ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា»

លោក ឱម ម៉ាក់ធារិទ្ធ បានលើកឡើងថា «ដំណើរឆ្ពោះទៅរកចក្ខុវិស័យ២០៥០ ដើម្បីប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលខ្ពស់នេះ តាមការវាយតម្លៃចំពោះដៃគូអភិវឌ្ឍន៍ ដូចជាធនាគារពិភពលោក បានវាយតម្លៃថា បច្ចុប្បន្នកម្ពុជាត្រូវបង្កើតចំណូលប្រជាជនក្នុ្ងងម្នាក់ឲ្យបាន ៦ដង បង្កើតការវិនិយោគពី ២៥-៣៣ភាគរយ មានការចូលរួមពីវិស័យឯកជន ២២ភាគរយ ដែលស្មើនឹងប្រទេសកូរ៉េខាងត្បូង ត្រូវអភិវឌ្ឍន៍វិស័យសង្គមកិច្ច វិស័យអប់រំ ជំរុញសន្ទុះអភិវឌ្ឍន៍ធនធានមនុស្សពី ០.៩ភាគរយទៅ២ភាគរយ»

លោកបានបន្ដថា ចំពោះក្របខ័ណ្ឌគតិយុត្តដែលយើងបានរៀបចំ ដើម្បីទាក់ទាញវិស័យឯកជនចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចូលរួមក្នុងការសម្រេចគោលដៅឆ្នាំ២០៥០នេះ គឺយើងមានច្បាប់សំខាន់ៗ ២រួមមាន ៖ ច្បាប់នៃការវិនិយោគ និងច្បាប់ PPP ដើម្បីបង្កើតការទុកចិត្ត របស់វិស័យឯកជន ធានាការចូលរួមដេញថ្លៃ ប្រកបដោយតម្លាភាព ដើម្បីរុញឲ្យវិស័យឯកជន មានភាពទុកចិត្តក្នុង អភិវឌ្ឍន៍គម្រោង PPP នៅកម្ពុជា៕