(ភ្នំពេញ)៖ លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូររវាងរដ្ឋ និងឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលនឹងកំណត់វិស័យចំនួន៣ ដែលនឹងបើកឱ្យវិស័យឯកជនចូលរួមវិនិយោគរយៈពេល១០ឆ្នាំទៀត ខណៈកន្លងមក វិស័យដែលរដ្ឋបើកឱ្យឯកជន ចូលរួមវិនិយោគច្រើនជាងគេ គឺវិស័យដឹកជញ្ជូន។

​លើកឡើងក្នុង កម្មវិធី FRESH BUSINESS: ​ពិភាក្សាលើប្រធានបទ៖ «ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ​ និងឯកជនលើការ​អភិវឌ្ឍ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា» លោក ឱម ម៉ាក់ធារិទ្ធ បានគូសបញ្ជាក់ថា​​ វិស័យសំខាន់ៗ ទាំងបីនេះ រដ្ឋាភិបាលនឹងប្រកាសក្នុងពេ​ល​ខាងមុខនេះ។

លោកបានឱ្យដឹងផងដែរថា «ចំពោះការគិតគូរក្នុងការរៀបចំ​គម្រោង PPP គឺយើងផ្អែកទៅលើភាពទាក់ទាញនៃគម្រោង។ ភាពទាក់ទាញរបស់គម្រោង គឺប្រាក់ចំណេញ អ៊ីចឹងវិស័យឯកជន គាត់នឹងចូលរួមជាមួយយើង ទាល់តែគាត់ឃើញថា គម្រោងបែបណាដែលមានផលប្រាក់ចំណេញគ្រប់គ្រាន់​ជូនវិស័យឯកជន។ ដូច្នេះរាជរដ្ឋាភិបាលគិតឃើញថា គម្រោងហេដ្ឋារចនាសម្ព័ន្ធ គឺមានប្រាក់ចំណេញគ្រប់គ្រាន់ ដើម្បីឱ្យឯកជនចូលរួម»។

ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) គឺជាកិច្ចព្រមព្រៀងរវាងភាគីរដ្ឋ និងឯកជន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសាធារណៈ ដោយក្នុងនោះតម្រូវឱ្យវិស័យឯកជន ធ្វើការវិនិយោគ និងចែករំលែកហានិភ័យ ក្នុងការអនុវត្តគម្រោងជាមួយភាគីរដ្ឋ ហើយទទួលបានផលប្រយោជន៍វិញ ពីគម្រោងនោះ ផ្អែកទៅលើសមត្ថកម្មរបស់ឯកជន ក្នុងការអនុវត្តគម្រោង។

បើតាមមន្រ្តីជំនាញរូបនេះ ជាទូទៅក្រុមហ៊ុន ដែលអនុញ្ញាតឱ្យចូលរួមវិនិយោគរួមគ្នាជាមួយរដ្ឋាភិបាល គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ខ្ពស់ ក្នុងការធ្វើហិរញ្ញប្បទាន ដោយសារតែភាគច្រើន គម្រោង PPP ជាប្រភេទគម្រោងធំៗ​ និងចំណាយថវិកាខ្ពស់។ កន្លងមកគម្រោងសំខាន់ៗ​ ដែលវិស័យឯកជនចូលរួម​វិនិយោគ ក្នុងភាពជាដែគូរជាមួយរដ្ឋរួមមាន ​វិស័យថាមពល​ និងវិស័យដឹកជញ្ជូន៕

សូមទស្សនាការពន្យល់បន្ថែមរបស់ លោក ឱម ម៉ាក់ធារិទ្ធ ៖